ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារ បានលើកឡើងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ មានករណីកម្មករ និយោជិតសន្លប់ ចំនួន ៣រោងចក្រ និងមានកម្មករនិយោជិត សន្លប់ចំនួន ២៣៩នាក់ (ស្រី២៣៩នាក់) បើប្រៀបធៀប ទៅនឹងឆមាសទី១ ឆ្នាំ២០១៩ សង្កេតឃើញថា រោងចក្រ មានការថយចុះ ចំនួន ៤០% និងកម្មករនិយោជិតសន្លប់ មានការថយចុះ ៤៣%។
លោក ប៉ុក វណ្ណថាត បញ្ជាក់ថា មូលហេតុ ដែលបណ្ដាលនាំឲ្យមាន ករណីសន្លប់ នៅលើកម្មករនិយោជិត គឺមានមូលហេតុរួមផ្សំ ចំនួនដូចតទៅ ៖
• បញ្ហាចិត្តសាស្ត្រសង្គម ៣៤%
• បញ្ហារូបសាស្ត្រ ២២%
• បញ្ហាជីវសាស្ត្រ ២២%
• បញ្ហាវិទ្យាសាស្ត្ររៀបចំការងារ ១១% និង
• បញ្ហាការងារបន្ថែមម៉ោង ១១% ។
ការលើកឡើង ពីសំណាក់ លោកវេជ្ជបណ្ឌិត ប៉ុក វណ្ណថាត ស្ថិតក្នុងកិច្ចប្រជុំ ត្រួតពិនិត្យលទ្ធផលការងារ សម្រេចបានឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅ ការងារបន្ត របស់ក្រុមការងារទប់ស្កាត់ករណីសន្លប់ និងបង្ការគ្រោះថ្នាក់ ការងាររបស់កម្មករនិយោជិត(ទ.ស.ប.ក) បានប្រព្រឹត្តទៅ នៅសាលប្រជុំបេឡាជាតិ របបសន្តិសុខសង្គម នាព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ៕






