ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមហាផ្ទៃ បានស្រាយបំភ្លឺ ពីការបោះតង់របស់ភាគី វៀតណាមចូលមកតំបន់ព្រំដែន កាលពីអំឡុងខែមីនា ឆ្នាំ២០២០កន្លងទៅ ។
យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២ ០ លោក សក់ សេដ្ឋាមានប្រសាសន៍ ថា “ការបោះតង់របស់ភាគីវៀតណាម ចូលមកតំបន់ព្រំដែន កើតឡើងនៅអំឡុងខែមីនា ឆ្នាំ២០២០។ ក្រសួងមហាផ្ទៃ បានទទួលព័ត៌មាន ពីកម្លាំងនគរបាល ការពារព្រំដែន យោធាព្រំដែន និងរដ្ឋបាលខេត្ត ករណីភាគីវៀតណាម បានបិទច្រកទ្វារព្រំដែន ដោយឯកតោភាគី ព្រមទាំងសង់រោងប្រក់តង់ និងដាក់ពង្រាយកងទ័ពការពារ ព្រំដែននៅតាមបណ្តោយ ព្រំដែនគោកកម្ពុជា-វៀតណាម ក្រោមរូបភាព ទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩(COVID-19) ដោយលើក ទង់ជាតិវៀតណាម និងបដាសរសេរជាភាសា វៀតណាមថា ប៉ុស្តិ៍ទប់ស្កាត់ជំងឺកូវីដ១៩។
លោកបន្ដថា ពាក់ព័ន្ធនឹងសកម្មភាព បោះតង់របស់ភាគី វៀតណាម ក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលខេត្ត និងស្នងការដ្ឋាន នគរបាលខេត្តជាប់ព្រំដែន សហការចុះទៅសម្របសម្រួល និងចរចាជាមួយភាគីវៀតណាម ឲ្យរុះរើតង់ទាំងនោះចេញ។ ជាលទ្ធផល ភាគីវៀតណាម បានយល់ព្រមរុះរើចេញ និងរំកិលតង់មួយចំនួន ថយក្រោយ។
ទន្ទឹមនេះ ភាគីវៀតណាម បានឆ្លើយតបមកអាជ្ញាធរកម្ពុជាថា វៀតណាម នឹងរុះរើតង់ទាំងនោះចោលវិញ ក្រោយពេលដែលជំងឺកូវីដ១៩ ត្រូវបានកំចាត់ចោលទាំងស្រុង នាពេលខាងមុខ។
ម្យ៉ាងទៀត ក្រសួងមហាផ្ទៃ ក៏បានស្នើគណៈកម្មាធិការចំរុះ កិច្ចការព្រំដែន ដើម្បីពិភាក្សា ចរចាជាមួយភាគី វៀតណាម ឲ្យរុះរើតង់ទាំងនោះចេញ និងរក្សា ស្ថានភាពដដែល នៅតាមបណ្តោយព្រំដែន ដែល ពុំទាន់ឯកភាពខណ្ឌសីមា និងបោះបង្គោលរួចតាមរយៈ លិខិត ចុះថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។
ជាការឆ្លើយតប គណៈកម្មាធិការចំរុះកិច្ចការព្រំដែន បានស្នើមកក្រសួងមហាផ្ទៃ ផ្តល់ចំណុចនិយាមការ នៃទីតាំងបោះតង់ របស់ភាគីវៀតណាម។ បច្ចុប្បន្ន ក្រសួងមហាផ្ទៃ កំពុងបូកសរុបផ្ទៀងផ្ទាត់ និយាមការទាំងនោះ ដើម្បីផ្តល់ជូន គណៈកម្មាធិការចំរុះ កិច្ចការព្រំដែន ចាត់ចែងតាមសមត្ថកិច្ច។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ កន្លងមកផ្អែកតាមលិខិត របស់រដ្ឋបាលខេត្តកណ្តាល ក្រសួងការបរទេសខ្មែរ ក៏បានធ្វើកំណត់ទូត ទៅភាគីវៀតណាម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ដើម្បីតវ៉ាអំពីសកម្មភាព បោះតង់របស់ភាគីវៀតណាម នៅចន្លោះទន្លេមេគង្គ និងទន្លេបាសាក់ ចាប់ពីបង្គោលព្រំដែនលេខ ២៤១-២៤៥, និងនៅតាមបណ្តោយ ព្រែកជ្រៃធំ-ព្រែកប៊ិញយី ចាប់ពីចន្លោះបង្គោលព្រំដែន លេខ ២៤៧-២៥៣ និងទាមទារភាគីវៀតណាម ឲ្យរុះរើតង់ទាំងនោះចេញ និងស្នើឲ្យរក្សាស្ថានភាពនៅដដែល នៅតាមតំបន់ព្រំដែនទាំងនេះ ស្របតាមស្មារតី នៃប្រកាសព័ត៌មានរួម របស់នាយករដ្ឋមន្ត្រីទាំងពីរ ឆ្នាំ១៩៩៥ និងសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥។
លោក សក់ សេដ្ឋា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ចំនួនតង់ ដែលភាគីវៀតណាមបាន រុះរើចេញវិញចំនួន៨កន្លែង។ ក្នុងនោះ តង់ដែលបាន បោះនៅតំបន់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា ក្នុងការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែន សរុបចំនួន៤២តង់។
ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ស្នើភាគីវៀតណាមគោរពបាន ម៉ឺងម៉ាត់ ស្របតាមមាត្រា១០ នៃលក្ខន្តិកៈព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៨៣, ចំណុច៨ នៃសេចក្តី ប្រកាសព័ត៌មានរួមឆ្នាំ១៩៩៥ និងកថាខណ្ឌ៥ មាត្រា៣ នៃសន្ធិសញ្ញា បំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រម ព្រៀងពាក់ព័ន្ធ រវាងរដ្ឋាភិបាលទាំងពីរ ដោយត្រូវរក្សាស្ថានភាពដដែល នៅតំបន់ពុំទាន់ឯកភាព ជៀសវាង ធ្វើសកម្មភាពឯកតោភាគីណាមួយ ដែលអាចប៉ះពាល់កិច្ចការដ៏សំខាន់នេះ រហូតដល់វេលា ដែលគណៈកម្មការចំរុះព្រំដែនទាំងពីរ ឯកភាពខណ្ឌសីមា និងបោះបង្គោល ក្នុងតំបន់នោះរួចរាល់ជាស្ថាពរ។
-ស្នើរដ្ឋបាលខេត្ត និងកម្លាំងមានសមត្ថកិច្ចកម្ពុជា បន្តកិច្ចសហការ ជាមួយភាគីវៀតណាម ក្នុងការរាំងខ្ទប់សកម្មភាព ចេញ-ចូលខុសច្បាប់ នៅតាមបណ្តោយព្រំដែន សំដៅទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។
-ស្នើរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ជាប់ព្រំដែនកម្ពុជា-វៀតណាម បន្តតាមដាន សកម្មភាពរបស់ភាគី វៀតណាមឱ្យបានខ្ជាប់ខ្ជួន៕