ព័ត៌មានជាតិ

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំមន្រ្តីបច្ចេកទេស ចុះពិនិត្យគម្រោង ប្រព័ន្ធធារាសាស្រ្តលំហាច

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះពិនិត្យគម្រោងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២០ រួមដំណើរដោយលោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីបច្ចេកទេស របស់ក្រសួង រួមជាមួយគណៈអភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ។

គម្រោងលំហាច ជាអនុគម្រោងមួយ ក្នុងចំណោមអនុគម្រោងទាំង ៦ នៃគម្រោងកែលំអ និងស្តារឡើងវិញ ប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិច បឹងទន្លេសាប ក្រោមហិរញ្ញប្បទានសម្បទាន របស់ប្រទេសជប៉ុន ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់កាលពីខែមីនា ឆ្នាំ ២០១៦ ហើយគ្រោងនឹងបញ្ចប់នៅចុងខែធ្នូ ឆ្នាំ ២០២០ ។ គិតមកដល់ថ្ងៃនេះ ការងារសម្រេចបានប្រមាណ ៨៤,៧ % លើទំហំការងារសរុបរបស់គម្រោង ។

ទំហំការងារដែលបាន និងកំពុងអនុវត្ត រួមមាន ៖
១- សំណង់ក្បាលហុងទឹក (Headworks) ចំនួន ០១ កន្លែង សម្រេចបានប្រមាណ ៩៨ % ។
២- សំណង់នាំទឹក (Intake) ចំនួន ០១ កន្លែង សម្រេចបាន ១០០ % ។
៣- សាងសង់ប្រឡាយមេបេតុង ចំនួន ០១ ខ្សែ ស្មើនឹងប្រវែង ១៦,៤០ គីឡូម៉ែត្រ សម្រេចបាន ៧០ % ។
៤- សាង់សងប្រឡាយថ្នាក់ទី ២ បេតុង ចំនួន ១៣ ខ្សែ ស្មើនឹងប្រវែង ៤២,៥០ គីឡូម៉ែត្រ ។
៥- សាងសង់ប្រឡាយដោះទឹក ចំនួន ១៥ ខ្សែ ស្មើនឹងប្រវែង ៥២,៩០ គីឡូម៉ែត្រ សម្រេចបាន ៨៥ % ។
៦- សាងសង់ប្រឡាយថ្នាក់ទី ៣ ចំនួន ៩៤ ខ្សែ ស្មើនឹងប្រវែង ៦២ គីឡូម៉ែត្រ សម្រេចបាន ១០០ % ។
៧- សាងសង់សំណង់សិល្បការសរុបចំនួន ៥៥៧ កន្លែង សម្រេចបានប្រមាណ ៩៧ % ។
៨- សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ កន្លែង សម្រេចបាន ១០០ % ។
បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ អនុគម្រោងលំហាច អាចផ្គត់ផ្គង់ទឹកសម្រាប់ការស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ៣.២៨៩ ហិកតា ។

លោករដ្ឋមន្ត្រីបានជម្រាបជូននូវអ្វី ដែល ជាលក្ខណៈ បច្ចេកទេស នៃប្រព័ន្ធធារាសាស្ត្រ ដែលក្រសួងបាន និងកំពុងអនុវត្ត នាពេលបច្ចុប្បន្នទៅ តាមស្ថានភាព ភូមិសាស្ត្រ ជាក់ស្ដែង ដូចជា អនុគម្រោងលំហាចនេះជាដើម គឺជាសំណង់ប្រព័ន្ធធារាសាស្រ្តថ្មីមួយទៀត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលមិនត្រឹមតែសម្រាប់បម្រើឲ្យការងារ ស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ១ ពាន់គ្រួសារ ដែលមានទីតាំងស្ថិតនៅ ក្នុងស្រុកបរិបូណ៌ ទឹកផុស និងស្រុករលាប្អៀរ របស់ខេត្តកំពង់ឆ្នាំង ក៏បានទទួលផលពីអនុគម្រោងនេះ ផងដែរ ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ ដល់ក្រុមការងារឲ្យស្វះស្វែង រកមើលការងារណា ដែល ប្រើប្រាស់សាច់ប្រាក់ ពលកម្មសម្រាប់ ផ្តល់ការងារជូនដល់កម្មករ កម្មការិនី ដែលពុំមានការងារធ្វើ ដើម្បី សម្រួលដល់ជីវភាពប្រចាំថ្ងៃ ក្នុងតំណាក់កាល ជម្ងឺកូវីត១៩នេះ ស្របតាម យុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ។

សមិទ្ធផលទាំងអស់នេះ បង្ហាញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយចាប់ផ្តើមពីការស្តារ មកកសាង និងអភិវឌ្ឍន៍ ហើយឈានទៅធ្វើការពង្រីក និងពង្រឹងសមត្ថភាព គ្រប់គ្រងទឹក ដើម្បីធានា ដល់ការផ្គត់ផ្គង់ទឹក គ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយ ដល់គោលនយោបាយជាតិ ស្តីពីសន្តិសុខស្បៀង ប្រកបដោយប្រសិទ្ធភាព និងយុទ្ធសាស្ត្រនាំស្រូវ អង្ករចេញរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ក៏សូមថ្លែងអំណរគុណដល់ប្រទសជប៉ុន ដែលជានិច្ចកាល តែងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ទើរគ្រប់វិស័យ និងបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារអនុវត្តគម្រោងកែលំអ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹក ភាគខាងលិចបឹងទន្លេសាប មន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ជាមួយនឹងលទ្ធផលការងារ ដែលសម្រេចបានទៅតាមផែនការ ដែលបានគ្រោងទុក និង សូមប្រកាន់ខ្ជាប់ នូវអនាម័យ តាមសេចក្ដី ប្រកាស របស់ក្រសួងសុខាភិបាល ចំពោះ រលក ទី ២ នៃជម្ងឺកូវីត១៩ ៕

To Top