ព័ត៌មានជាតិ

ស្ថានបេសកកម្ម អចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ៖ វិធានការប្រឆាំងនឹង ការក្លែងព័ត៌មាន ពុំមែនជាការរិតត្បិតសេរីភាពទេ

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ មានការខកចិត្តយ៉ាងខ្លាំង​ ចំពោះសេចក្តីសន្និដ្ឋានមិនត្រឹមត្រូវ និងបង្កអោយមានការភាន់ច្រទ្បំ របស់លោក David Kaye អ្នករាយការណ៍ពិសេសស្តីពី សេរីភាពនៃការបញ្ចេញមតិ (ហៅកាត់ថា អ្នករាយការណ៍ពិសេស) ពាក់ព័ន្ធនឹងការឆ្លើយតប ចំពោះមេរោគកូវីដ១៩ របស់កម្ពុជា ដែលបានដាក់បញ្ចូលនូវ គោលការណ៍សិទ្ធិមនុស្ស។

យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១០ កក្កដា បានឲ្យដឹងថា អ្នករាយការណ៍ពិសេសហាក់ មិនត្រឹមតែពុំបានថ្កោលទោស ការក្លែងព័ត៌មាន និងព័ត៌មានក្លែងក្លាយប៉ុណ្ណោះទេ ប៉ុន្តែបានលើកទឹកចិត្តឱ្យបន្តមាន “លំហូរព័ត៌មានដោយសេរី” ដែលរួមទាំងព័ត៌មានគ្រោះថ្នាក់ឬអន្តរាយទៀតផង។ វិធីសាស្រ្តបែបនេះគឺងាកចេញ ពីគន្លងនៃវិធីសាស្រ្តរបស់ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបានព្រមានអំពី គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់សារស្អប់ខ្ពើម។

ទង្វើទាំងអស់នេះគឺជាការ វាយប្រហារទៅលើខ្លឹមសារ នៃបទដ្ឋាននិងគោលការណ៍សិទ្ធិមនុស្ស។ ហេតុដូចនេះហើយ ក្រុមការងារអង្គការសហប្រជាជាតិ កំពុងបង្កើនយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងការរីកសាយនៃព័ត៌មានក្លែងក្លាយ។ មហាសន្និបាតសុខភាពពិភពលោក លើកទី៧៣ កាលពីខែឧសភា ឆ្នាំ២០២០ បានអនុម័តដោយកុងសង់ស៊ីស នូវសេចក្តីសម្រេចចិត្តស្តីពី ការឆ្លើយតបនឹងមេរោគកូវីដ១៩ ដោយអំពាវនាវដល់ រដ្ឋជាសមាជិកទាំងអស់ ចាត់វិធានការប្រឆាំងនឹង ការក្លែងព័ត៌មាន និងព័ត៌មានមិនពិត។

ការឆ្លើយតបរបស់ប្រទេសកម្ពុជា ចំពោះវិបត្តិសុខភាពនេះ មានគោលបំណងធានាថា ជីវិតដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសក្រុមងាយរងគ្រោះបំផុត នឹងមិនត្រូវបានបាត់បង់ដោយសារ មេរោគកូវីដ១៩នោះទ្បើយ។ រាល់វិធានការដែលបាន ដាក់ចេញកន្លងមក បានគោរពតាមនីតិវិធីត្រឹមត្រូវ និងប្រកាន់ខ្ជាប់នូវ គោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ ភាពសមាមាត្រ និងពុំមានការរើសអើង។

ប្រទេសកម្ពុជាតែងតែគោរព ផ្តល់តម្លៃសេរីភាពនៃ ការបញ្ចេញមតិ និងសារព័ត៌មានស្របច្បាប់ ហើយយល់ដឹងយ៉ាងច្បាស់ថា ពហុយោបល់ រួមទាំងទស្សនៈរិះគន់ គឺមានសារៈសំខាន់ចំពោះដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ខណៈពេលមេរោគកូវីដ១៩ កំពុងកើនទ្បើង រាជរដ្ឋាភិបាលកម្ពុជាបាន សម្រេចអនុញ្ញាតបន្ថែមឱ្យ វិទ្យុសំទ្បេងសហរដ្ឋអាមេរិក ជាខេមរភាសា ចាក់ផ្សាយតាមស្ថានីយ៍ក្នុងស្រុកចំនួន៣ ដែលកម្លាំងផ្សាយគ្របដណ្តប់ យ៉ាងហោចណាស់ខេត្តចំនួន១៧ ក្នុងចំណោមខេត្ត-រាជធានីទាំង២៥ ស្មើនឹងយ៉ាងហោចណាស់ ៦០% នៃប្រជាជនសរុប។ នៅប្រទេសកម្ពុជា មានអ្នកប្រើប្រាស់ Facebook ចំនួនជាង១០ លាន គណនី ដែលស្មើនឹង៦៥% នៃចំនួនប្រជាជនសរុប។ Facebook ជាវេទិកាសង្គមដ៏មាន ឥទ្ធិពលនិងប្រជាប្រិយខ្លាំង សម្រាប់ផ្សព្វផ្សាយព័ត៌មានភ្លាមៗ និងបញ្ចេញមតិជាសាធារណៈដោយសេរី។ អត្រាជ្រៀតចូលរបស់ អ៊ីនធឺណែតមានចំនួន ៦០% នៅទូទាំងប្រទេស ហើយមិនបានជួបប្រទះនឹងការកាត់ផ្តាច់ ឬការកម្រិតដែនកំណត់ ដូចដែលអ្នករាយការណ៍ពិសេស បានលើកឡើងដោយមិនត្រឹមត្រូវ នោះទ្បើយ។

បើនិយាយពីស្តង់ដារអន្តរជាតិវិញ អ្នករាយការណ៍ពិសេសពុំធ្លាប់ ដែលបានសង្កត់ធ្ងន់ឱ្យបាន គ្រប់គ្រាន់ទាល់តែសោះថា ការអនុវត្តសិទ្ធិត្រូវភ្ជាប់មក ជាមួយនូវករណីយកិច្ច ការទទួលខុសត្រូវពិសេស និងដែនកំណត់ចែងដោយច្បាប់ ដូចបានគូសបញ្ជាក់នៅក្នុង សេចក្តីថ្លែងការណ៍ជាសាកល ស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋនិងនយោបាយ។ ការខកខានមិនបានបញ្ជាក់ ឱ្យបានច្បាស់ដោយចេតនាបែបនេះ ធ្វើឱ្យបុគ្គលបំពានច្បាប់ កាន់តែគឃ្លើនក្នុងការកេងចំណេញ ពីស្ថានភាពដ៏គ្រោះថ្នាក់បែបនេះ សម្រាប់របៀបវារៈលាក់កំបាំងរបស់ពួកគេ ។

បើគេចាត់ទុកការអនុវត្តច្បាប់ ជាការរឹតត្បិតសេរីភាព នោះគឺជាការបន្ទាបតម្លៃនីតិរដ្ឋ និងគោលការណ៍អនុវត្ត ស្មើភាពគ្នាចំពោះពលរដ្ឋទាំងអស់ ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ គោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាល គឺការពារពលរដ្ឋគោរពច្បាប់ និងធានាអោយបាននូវ សណ្តាប់ធ្នាប់សង្គម ការជឿជាក់ជាសាធារណៈ និងសុខភាពសារធារណៈ សម្រាប់មនុស្សគ្រប់ៗគ្នា។

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការបន្តការប្តេជ្ញាចិត្ត របស់កម្ពុជាចំពោះកាតព្វកិច្ច សិទ្ធិមនុស្សអន្តរជាតិ ហើយទទូចឱ្យអ្នករាយការណ៍ពិសេស ប្រកាន់យកតួនាទីប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដែលចូលរួមបន្ថែម មិនមែនកាត់បន្ថយប្រសិទ្ធភាព នៃការឆ្លើយតបចំពោះការរាតត្បាតជាសាកលនេះ។ វាជាការចាំបាច់ណាស់ ដែលអ្នករាយការណ៍ពិសេស មិនត្រូវអនុវត្តការងារលើស ព្រំដែននៃអាណត្តិរបស់ខ្លួន ដោយត្រូវគោរពអោយបាន ខ្ជាប់ខ្ជួននូវក្រមប្រតិបត្តិ និងសៀវភៅណែនាំស្តីពី នីតិវិធីពិសេសនៃ ក្រុមប្រឹក្សាសិទ្ធិមនុស្ស ៕

To Top