ព័ត៌មានជាតិ

កម្ពុជាស្នើគុយបា ផ្ដល់ជំនួយ លើការលើកកម្ពស់ ជីវភាពពលរដ្ឋក្នុងសហគមន៍ តំបន់ការពារធម្មជាតិ

ភ្នំពេញ៖ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើលោកស្រី លីអឹកា រ៉ូឌ្រីហ្គេ បារីយ៉ូស(Liurka Rodriguez Barrios ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ឲ្យផ្ដល់ជំនួយលើការលើក កម្ពស់ ជីវភាពប្រជាពលរដ្ឋ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការពង្រឹង ផលិតភាពការធ្វើកសិកម្មនានា។

ក្នុងជំនួបជាមួយលោកស្រី លីអឹកា រ៉ូឌ្រីហ្គេ បារីយ៉ូស(Liurka Rodriguez Barrios ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ លោកសាយ សំអាល់ បានថ្លែងថា ប្រទេសគុយបា នាពេលកន្លងមក បានផ្ដល់អាហារូបករណ៍ ដល់និស្សតកម្ពុជា បានទៅសិក្សានៅប្រទេសគុយបា និងជំនួយផ្សេងៗទៀត លើវិស័យកសិកម្ម។

លោកបន្តថា ឆ្លៀតក្នុងឱកាសនេះ “ខ្ញុំសូមស្នើឱ្យមានជំនួយលើការលើក កម្ពស់ ជីវភាពប្រជាពលរដ្ឋ ក្នុងសហគមន៍ តំបន់ការពារធម្មជាតិ តាមរយៈការពង្រឹងផលិតភាពកសិកម្ម ការចិញ្ចឹមសត្វ និងការដាំដុះ (ពិសេសដំណាំស្ករអំពៅ)”។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបញ្ជាក់ថា បច្ចុប្បន្ន ក្រសួង កំពុងជំរុញការដាំដុះ Soft wood ដូចជា:ដាំដើមអាកាស្យា និងម៉ៃសាក់ ជាដើម ហើយកំពុងពិនិត្យលទ្ធភាព លើការជំរុញការដាំដុះផ្លែលម៉ើ (Dates) ផងដែរ។

លើសពីនេះទៀត លោកបន្ថែមថា ក្រសួងគ្រោងនឹងរៀបចំ ឱ្យមានការជួបជុំមួយ ដោយមានការចូលរួម ពីស្ថានទូតទាំងអស់នៅកម្ពុជា និងវិស័យឯកជន (ផ្នែកកសិកម្ម) ដើម្បីជំរុញ ភាពជាដៃគូបន្ថែមទៀតផងដែរ។

ក្នុងឱកាសនោះដែរ លោកស្រី ឯកអគ្គរដ្ឋទូត រំពឹងថា នៅក្នុងអាណត្តិរបស់លោកស្រី នឹងអាចសម្រេចបាន លទ្ធផលជាច្រើន លើកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយកម្ពុជា ជាពិសេសលើវិស័យកសិកម្ម និងអប់រំផងដែរ៕ ដោយ៖ធី លីថូ

To Top