ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ចាត់ទុកគ្រឹះស្ថាន បណ្តុះបណ្តាល ដើរតួនាទីដ៏សំខាន់ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម

ភ្នំពេញ ៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចាត់ទុកវិទ្យាសា្ថនអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានដើរតួនាទី សំខាន់ និងជាដៃគូមិនអាចខ្វះបាន របស់ក្រសួង ក្នុងការជួយលើកកម្ពស់វិស័យការងារ អប់រំ និងធនធានមនុស្ស ។

នេះបើតាមប្រសាសន៍លើកឡើង ក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងការងារ ជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាបច្ចេកទេស និងវិជ្ជាជីវៈ ដឹកនាំដោយលោក ណុប នរិន្ទ ជាប្រធាននាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

លោករដ្ឋមន្ត្រីក៏បានសន្យា នឹងរកពេលវេលាណាមួយសមរម្យ ដើម្បីចុះជួបផ្តល់កម្លាំងចិត្តដោយផ្ទាល់ ដល់វិទ្យាស្ថានទាំងអស់ ដែលបានកំពុងតែបិទសាលា បណ្តុះបណ្តាលរបស់ខ្លួនមួយរយៈកន្លងមកនេះ ដែលកំពុងរងផលប៉ះពាល់ពីការ រីករាលដាលនៃជំងឺកូវីដ១៩ ជាសកលនេះ។

ក្នុងជំនួបនោះលោក ណុប នរិន្ទ បានបង្ហាញពីវឌ្ឍនភាពរបស់សមាគម ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ក្នុងការចូលរួមនូវសកម្មភាពសង្គម ក៏ដូចជាបង្ហាញពីបញ្ហាប្រឈមមួយចំនួន ដែលសមាគមនេះបានជួបប្រទះ ។

ជាមួយគ្នានេះដែលោកបានស្នើសុំ ឲ្យមានការបើកឱ្យដំណើរការឡើងវិញ ចំពោះវិទ្យាស្ថានដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងស្នើសុំជ្រើសរើស និស្សិតចូលរៀនវិញដោយអនុវត្តតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាលនិង ក្រសួងការងារ ។

ចំណែកលោករដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងទៀតថា អ្វីដែលអាចធ្វើឲ្យវិទ្យាស្ថានអាចទៅមុខបានអាស្រ័យទៅលើស្ថានភាពនៃកូវីដ១៩នេះ ។

លោកថា ដូច្នេះសមាគមនេះ ត្រូវខិតខំពង្រឹងខ្លួន ដើម្បីប្រកួតប្រជែងជាមួយ សមាគមផ្សេងទៀត សំខាន់ការឯកភាពសាមគ្គីផ្ទៃក្នុងឲ្យបានល្អ គៀងគរប្រមែប្រមូលគ្រឹះស្ថាន ទាំងអស់ ឲ្យស្ថិតនៅក្នុងសមាគមតែមួយ ដើម្បីរួមគ្នាលើកកំពស់គុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្លើយតបទៅនឹងបរិបទឧស្សាហកម្ម៤.០៕

To Top