ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានប្ដេជ្ញាថា នឹងធ្វើការងារផ្ទេរសេវារដ្ឋបាល ទៅយន្តការច្រកចេញ ចូលតែមួយ ឲ្យចប់សព្វ គ្រប់នៅដំណាច់ ឆ្នាំ២០២០នេះ ។
ក្នុងកិច្ចប្រជុំអំពីវឌ្ឍនភាព នៃការផ្ទេរសេវារដ្ឋបាល ទៅយន្តការច្រកចេញចូលតែមួយ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០លោក ស៊ុន ចាន់ថុល បានថ្លែងថា «ខ្ញុំគាំទ្រទាំងស្រុង នៃការផ្ទេរសេវារដ្ឋបាល ទៅយន្តការច្រកចេញចូលតែមួយ ទៅថ្នាក់ក្រោមជាតិ ។ យោងតាមលិខិត សម្ដេចក្រឡាហោម ស ខេង ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ បានឲ្យក្រសួងសាធារណការ ធ្វើការងារផ្ទេរ សេវារដ្ឋបាល ចប់សព្វគ្រប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០» ។
លោកបានបន្ដថា ការងារខាងលើនេះ ក្រុមការងារក្រសួង បានខិតខំប្រឹងប្រែង ធ្វើឲ្យបានចប់សព្វគ្រប់ នៅខែឧសភាដែរ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ-១៩ ធ្វើឲ្យសម្ភារទិញមកពីបរទេស មានការយឺតយ៉ាវ ក្នុងការបញ្ជូនសម្ភារទាំងនោះមកកម្ពុជា ហើយប្រទេសទាំងនោះ ក៏បានសន្យាថា នឹងបញ្ជូនសម្ភារទាំងនោះ មកដល់កម្ពុជា ឆាប់ៗនេះ ដើម្បីយកទៅបំពាក់នៅ ការិយាល័យ២៩ ផ្សេងទៀត ដែលមិនទាន់បានបំពាក់ជូន ។
លោក បានរៀបរាប់ថា សព្វថ្ងៃក្រសួងបំពាក់បាន៥៤ការិយាល័យ លើ៨៣ ការិយាល័យ ដូច្នេះនៅសល់២៩ ការិយាល័យទៀត ។ ហើយសម្ភារទាំងនោះ មកដល់កម្ពុជា ភ្លាមក្រសួងនឹងរៀបចំបំពាក់ ជូនទៅការិយាល័យទាំង ២៩បន្ថែមទៀត ។ នៅពេលរងចាំសម្ភារ ក្រសួងសាធារណៈការ និងក្រសួងមហាផ្ទៃ ក៏បាន ឯកភាពគ្នាបង្កើតក្រុមការងារអន្ដរក្រសួង ដើម្បីពិនិត្យការផ្ទេរ សេវារដ្ឋបាលឲ្យមានប្រសិទ្ធភាព តម្លាភាព និងឆាប់រហ័ស ជូនប្រជាពលរដ្ឋ ។
លោកបញ្ជាក់ថា «ដើម្បីឲ្យការងារផ្ទេរសេវារដ្ឋបាល កាន់តែមានប្រសិទ្ធបន្ថែមទៀត ត្រូវកែសម្រួលប្រព័ន្ធព័ត៌មានវិទ្យា ដោយសារមិនទាន់សមស្រប តាមនីតិវិធីថ្មី ហើយ ក្រុមការងារអន្ដរក្រសួង បានជួបពិភាក្សា ជាមួយក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីធ្វើការងារនេះ។ នៅពេលសម្ភារមកដល់កម្ពុជា ក្រុមការងារអន្ដរក្រសួង នឹងរៀបចំប្រព័ន្ធ កុំព្យូទ័រឡើងវិញ ដោយប្រើប្រាស់រយៈពេល៣ខែ ហើយក្រុមការងារអន្ដរក្រសួង បានប្ដេជ្ញាថា នឹងធ្វើការងារផ្ទេរសេវារដ្ឋបាល ឲ្យចប់សព្វគ្រប់់នៅដំណាច់ឆ្នាំ២០២០នេះ» ។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការអនុវត្តនូវច្រកចេញចូលតែមួយ មានទាំងចំណុចខ្លាំង និងចំណុចខ្សោយ ដូចជា៖ ភាពយឺតយ៉ាវនៃសម្ភារ ដែលត្រូវបំពាក់នៅការិយាល័យច្រកចេញចូលតែមួយដែលនាំឲ្យមានការសុំពន្យារពេលរៀបចំច្រកចេញចូល តែមួយនេះដល់ដំណាច់ ឆ្នាំ២០២០ និងការតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា រវាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយនឹងអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ។ ពាក់ព័ន្ធទៅនឹង ចំណុចខ្វះខាតនេះ សម្ដេចក្រឡាហោម ស្នើឲ្យអង្គប្រជុំចូលរួមផ្ដល់យោបល់ ពិភាក្សាលើចំណុចទាំងនេះបន្ថែមទៀត ។
សូមជម្រាបជូនថា លទ្ធផលការអនុវត្តការងារ ចុះបញ្ជីទោចក្រយានយន្ដរបស់ ការិយាល័យ ច្រកចេញចូលតែមួយ (ក្រុង-ស្រុក-ខណ្ឌ) តាមរយៈប្រព័ន្ធស័្វយប្រវត្តិកម្ម បានឲ្យដឹងថា ការអនុវត្តការចុះបញ្ជីទោចក្រយានយន្ដ នៃការិយាល័យច្រកចេញ តែមួយមានចំនួន៥២ការិយាល័យ ក្នុងនោះការិយាល័យក្រុង តាខ្មៅ អនុវត្តការងារបានល្អ ហើយការិយាល័យ ច្រកចញចូលតែមួយ ចំនួន១៩ បានអនុវត្តការងារបានល្អបង្គួរ មិនសូវមានកំហុស និងការិយាល័យច្រកចញ ចូលតែមួយចំនួន៣២ អនុវត្តការងារបានមធ្យម ៕ ដោយ៖ អេង ប៊ូឆេង