ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ៖ កម្ពុជា កំពុងប្រែក្លាយ វិបត្តិកូវីដ១៩ ទៅជាឱកាស សម្រាប់វិស័យកសិកម្ម

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា កម្ពុជា កំពុងប្រែក្លាយ វិបត្តិកូវីដ១៩ ឲ្យទៅជាឱកាស សម្រាប់វិស័យកសិកម្មខណ:វិស័យមួយចំនួន កំពុងរងផលប៉ះពាល់ តែវិស័យកសិកម្ម នៅតែបន្តកើនឡើង គួរឲ្យកត់សម្គាល់ ដោយតម្រូវការចាំបាច់ នៃទីផ្សារនៅតែត្រូវការជាប្រចាំ ។

សូមរំលឹកថាក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន ៩នាក់បន្ថែមទៀត ក្នុងចំណោមអ្នកធ្វើដំណើរ មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី មកដល់កម្ពុជានាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ដែលជាលទ្ធផលតេស្តវត្ថុ សំណាកពួកគាត់ លើកទីពីរទទួលបានពីវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ។ គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ស្ថានភាពជំងកូវីដ-១៩ នៅកម្ពុជា មាន៖ – ចំនួនអ្នកព្យាបាល ជាសះស្បើយ សរុបទូទាំងប្រទេស មាន ចំនួន ១៣៣នាក់ ចំណែក អ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន ៣២នាក់ និងអ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់សរុបចំនួន ១៦៥នាក់ (ស្ត្រី ៤០នាក់ និងបុរស ១២៥នាក់ ) ។

ក្នុងឱកាសអញ្ជើញចុះពិនិត្យមើលមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីនៅខេត្តព្រៃវែង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ សម្ដេចតេជោ បានថ្លែងថា វិបត្តិកូវីដ១៩នេះ បណ្ដាលប្រទេសមួយចំនួន អាចកាត់បន្ថយការទិញ សម្លៀកបំពាក់ ការទិញឡាន ការទិញម៉ូតូ អ្វីជាដើមពីកម្ពុជាបាន ប៉ុន្តែមិនអាចបន្ថយការទិញអង្ករ ឬទិញម្សៅមី ដែលជាស្បៀង សម្រាប់ច្រកក្រពះបានឡើយ ។

សម្ដេចបន្តថា ឥឡូវនេះចំណុចខ្លាំងរបស់កម្ពុជា នៅមានសក្ដានុពល យ៉ាងធំគឺវិស័យកសិកម្ម ដែលមានដីប្រមាណជា ៤លានហិកតា សម្រាប់ធ្វើស្រែចម្ការ និងធ្វើការដាំដុះបាន។
សម្ដេចបញ្ជាក់ថា ក្នុងវិបត្តិកូវីដ១៩នេះ កម្ពុជាអាចរងផលប៉ះពាល់ទៅលើ ការនាំចេញជ័រកៅស៊ូ(ផ្នែកឧស្សាហកម្ម) ក៏ប៉ុន្តែ ការនាំចេញស្រូវ ស្វាយចន្ទី និងនិយាយរួម ការនាំចេញប្រភេទស្បៀងគឺនៅតែមានការកំណើនដោយពិភពលោកនៅមានតម្រូវការជាប្រចាំដោយមិនអាចខ្វះបាន ។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា “យើង ត្រូវបង្វិលទិសឆាប់រហ័ស ដើម្បីជំរុញវិស័យកសិកម្ម របស់យើង ។គេថាឲ្យក្លាយទៅជាឱកាស ពីវិបត្តិកូវីដ១៩នេះ ឲ្យទៅជាឱកាសនៃវិស័យកសិកម្ម”។

សម្ដេចនាយករដ្ឋមន្រ្តី អះអាងថា កម្ពុជាកំពុងធ្វើការពង្រីកទីផ្សារក្នុងការនាំចេញ កសិផលមួយចំនួន (ស្រូវ បន្លែបង្ការនានា,ចេក ,ដំឡូងមី ស្វាយ ជាដើម) ទៅកាន់ទីផ្សារកូរ៉េ ,ចិន, ជប៉ុន និងប្រទេសមួយចំនួននៅលើពិភពលោកផងដែរ។

ក្នុងឱកាសនោះដែរសម្ដេចបញ្ជាក់ថា កម្ពុជា នឹងចូលរួមផ្គត់ផ្គង់ស្បៀង ទាំងក្នុងតំបន់និងពិភពលោក ទោះបីត្រូវបង់ពន្ធក៏ដោយ។
សម្ដេចបន្ថែមថា” មូលហេតុមកពីការប្រកាសរបស់ខ្ញុំ ថាសូមឲ្យផ្អាកការនាំចេញ។គេលើកជាកង្វល់ថា សង្វាក់ផ្គត់ផ្គង់ ស្បៀងនៅក្នុងតំបន់ អាស៊ីនេះនឹងមានការពិបាក ដោយសារភាពតឹងរឹង របស់ថៃ របស់កម្ពុជា របស់ភូមា របស់ឥណ្ឌា នឹងចង្អុលទៅរករុស្ស៊ីអំពីស្រូវទៅទៀត ។ ប៉ុន្តែកម្ពុជា សូមបញ្ជាក់ទៅវិញថា កម្ពុជានឹងចូលរួមនៅក្នុងក្របខណ្ឌតំបន់ ក្នុងសង្វាក់ផ្គត់ផ្គង់ ក្នុងតំបន់ ព្រោះកម្ពុជា មានសមត្ថភាព ដែលសល់ ជាស្រូវជិត៦លានតោន បើគិតជាអង្ករក៏ជិត៤លានតោន ដែរក្នុង១ឆ្នាំ។កម្ពុជា មានសមត្ថភាពចូលរួមនៅក្នុងការផ្គត់ផ្គង់ស្បៀង ក្នុងតំបន់” ។

សម្ដេចសង្កត់ធ្ងន់ថា កម្ពុជាមិនត្រឹមតែនៅសល់ស្រូវ សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសខ្លួនឯងនោះទេ តែកម្ពុជានៅសល់ស្រូវ ឬអង្ករអាចនាំចេញទៅក្រៅប្រទេស បានច្រើនជារៀងរាល់ឆ្នាំផងដែរ ៕ ដោយ៖ធី លីថូ

To Top