ស្វាយរៀង : ផ្លូវគឺជានយោបាយ អទិភាពមួយ ដែលរាជរដ្ឋាភិបាល បានដាក់ចេញ ក្នុងការជំរុញឲ្យគ្រប់ភាគី ដែលពាក់ព័ន្ធធ្វើការស្ថាបនា និងជួសជុលឡើងវិញ ដើម្បីងាយស្រួល និងសម្រួល ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាការដឹកកសិផល ទៅកាន់ទីផ្សារ។
ពាក់ព័ន្ធទៅនឹងការខូចខាតផ្លូវ នៅមូលដ្ឋានភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀងនឹងតប តាមការសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងមានការយកចិត្តទុកដាក់ ពីលោកជុក មុន្នី ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយក្រុងស្វាយរៀង លោកម៉ែន វិបុលអភិបាលខេត្ត និងលោកណុប ចំរើន អភិបាលក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី ១៤ ខែកក្កដាឆ្នាំ ២០២០ លោកសរ សុដានីអភិបាលរងក្រុងស្វាយរៀងបានដឹកនាំអាជ្ញាធរដែនដី ប្រជាពលរដ្ឋធ្វើការជួសជុលផ្លូវមួយខ្សែស្ថិតភូមិធ្មល់ សង្កាត់ចេក ដែលរង់ការខូចខាតនារដូវវស្សា ដើម្បីសម្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកសរ សុដានី បានឲ្យដឹងថា ក្នុងនាមអាជ្ញាធរក្រុង តែងតែគិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីសម្រួលដល់ការធ្វើដំណើរ ដែលមានការលំបាក នៅក្នុងភូមិធ្មល់ សង្កាត់ចេក លោក ជុក មុនី ប្រធានក្រុមការងារ រាជរដ្ឋាភិបាល បានណែនាំដល់អាជ្ញាធរ គ្រប់សង្កាត់ទាំងអស់នៅក្រុងស្វាយរៀង ត្រូវយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយមិនត្រូវឲ្យប្រជាពលរដ្ឋណាម្នាក់ ដាច់ពោះស្លាប់ដោយមិនដឹងនោះទេ ។ នឹងពិនិត្យមើលផ្លូវណា ដែលមានការខូចខាត ហើយធ្វើការជួសជុលឡើងវិញ កុំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ឲ្យសោះ ។
ប្រជាពលរដ្ឋភូមិធ្មល់ សង្កាត់ចេក មានចិត្តសប្បាយរីករាយ ដែលបានអាជ្ញាធរក្រុងស្វាយរៀង និងក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុងស្វាយរៀង យកចិត្តទុកដាក់ក្នុង ការជួសជុលផ្លូវមួយខ្សែនេះ ដើម្បីប្រជាពលរដ្ឋធ្វើដំណើរ បានងាយស្រួល ព្រោះរយះកាលកន្លងមកផ្លូវមួយខ្សែរនេះ មានការលំបាកខ្លាំងក្នុងការ ធ្វើដំណើរខណៈមានភ្លៀងម្ដងៗ៕