បច្ចុប្បន្នភាព
សហរដ្ឋអាមេរិក និងប្រទេសជប៉ុន បានចោទប្រកាន់ប្រទេសចិនថា ប្រទេសនេះ បានឆ្លៀតឱកាសពង្រីកឥទ្ធិពល របស់ខ្លួននៅសមុទ្រចិនខាងត្បូង និងខាងកើត ខណៈដែលប្រទេសនានា រួមទាំងប្រទេស មានជម្លោះជាមួយចិន កំពុងជួបប្រទះវិបត្តិ Covid-19 ។
សហរដ្ឋអាមេរិក បានចោទប្រកាន់ថា ការអះអាងសិទ្ធិកាន់កាប់ដែនទឹក នៅស្ទើរទាំងអស់នៅសមុទ្រចិន ខាងត្បូង របស់ប្រទេសចិន គឺជារឿងខុសច្បាប់អន្តរជាតិ និងធ្វើអោយប៉ះពាល់ ដល់នាវាចរណ៍លើដែនទឹក អន្តរជាតិនៅពេលខាងមុខ ។
កាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដានេះ ក្រសួងការបរទេស របស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ ស្តីពីការពង្រីកឥទ្ធិពល របស់ប្រទេសចិន កាន់តែខ្លាំងនៅសមុទ្រចិនខាងត្បូង ដោយដាក់គ្រឿងយុទ្ធោបករណ៍ កាន់តែច្រើននៅកោះ ស្ប្រាតលី (Spratly) ។
សូមបញ្ជាក់ជូនថា កោះស្ប្រាតលីនេះ គឺជាប្រជុំកោះតូចៗ ជាច្រើនកោះនៅសមុទ្រចិនខាងត្បូង ហើយប្រទេសចិន បានចាប់ផ្តើមបូមខ្សាច់ ចាក់ភ្ជាប់ប្រជុំកោះតូចៗទាំងនោះ អោយទៅជាកោះធំមួយ ចាប់តាំងពីឆ្នាំ១៩៨៧កន្លងមក ។
បើតាមរបាយការណ៍ របស់សហរដ្ឋអាមេរិក បានបង្ហាញថា ក្រោយពីបូមខ្សាច់ចាក់ភ្ជាប់ប្រជុំកោះតូចៗ អោយទៅជាកោះធំមួយរួចហើយ ប្រទេសចិនបានដាក់ពង្រាយគ្រឿង យុទ្ធោបករណ៍ជាច្រើន មានមីស៊ីល នាវាចម្បាំង និងនាវមុជទឹកជាដើម ។
ពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូងនេះដែរ រដ្ឋាភិបាលចិន បានព្រមានពីការបង្កើន វត្តមានកងទ័ពអាមេរិក នៅអាស៊ី-ប៉ាស៊ីហ្វិក ខណៈដែលអាមេរិកបានបង្កើន បេសកកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រមាណជាង៣សែន៦ម៉ឺននាក់ និងបញ្ជូននាវាចម្បាំង ប្រមាណ៦០ភាគរយ មកកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រជែងឥទ្ធិពលចិនក្នុងតំបន់ ។
គេកត់សម្គាល់ថា អតីតប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ក្នុងរយៈពេលកាន់តំណែង៨ឆ្នាំ អតីតប្រធានាធិបតីរូបនេះ បានបញ្ជូននាវាចម្បាំង មកកាន់សមុទ្រចិនខាងត្បូង តែ៤លើកប៉ុណ្ណោះ ប៉ុន្តែលោក ដូណាល់ ត្រាំ បានកាន់តំណែងជាប្រធានាធិបតី អាមេរិកមិនដល់៤ឆ្នាំផង បានបញ្ជូននាវាចម្បាំង មកសមុទ្រចិនខាងត្បូងដល់ទៅ២២លើក ។
ចំណែកប្រទេសជប៉ុនវិញ បានចោទប្រកាន់ប្រទេសចិន ពីបទពង្រីកឥទ្ធិពលរបស់ខ្លួន នៅសមុទ្រចិនខាងកើត នៅប្រជុំកោះដែលជប៉ុនហៅថា សេនកាគុ (Senkaku) និងដែលចិនហៅថា ដាវយូតាយ (Diaoyutai) ដែលចិនមានជម្លោះជាមួយជប៉ុន ។
ជប៉ុនបានចោទប្រកាន់ចិនថា ចិនបានឆ្លៀតឱកាសពន្លឿន ការទាមទារយកដែនដីប្រជុំកោះសេនកាគុ នៅសមុទ្រចិនខាងកើត ហើយមិនតែប៉ុណ្ណោះ ថ្វីបើចិនបានផ្តល់ជំនួយ វេជ្ជសាស្ត្រដល់ប្រទេសជាច្រើនមែន តែចិនមិនភ្លេចពង្រីកឥទ្ធិពលរបស់ខ្លួនទេ ។
បន្ទាប់ពីបានធូរស្បើយនឹងគ្នា តាំងពីចុងឆ្នាំ២០១៨មក ទំនាក់ទំនងចិន ជប៉ុន បាននិងកំពុងចាប់ផ្តើមដុនដាបជាថ្មីក្នុងផ្ទៃនៃវិបត្តិវីរុសCovid-19 និងដោយហេតុតែសម្ពាធ អន្តរជាតិ ដាក់លើចិនដែលបង្កើតច្បាប់ សន្តិសុខលើទីក្រុងហុងកុងផង ។
នៅក្នុងសៀវភៅសស្តីពីនយោបាយ ការពារជាតិរបស់ជប៉ុន ដែលចេញផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែកក្កដា ២០២០នេះ បានបង្ហាញពីជប៉ុន បានស្តីបន្ទោសចិន ចំពោះការជ្រៀតចូលឥតឈប់ឈរ និងជាឯកតោភាគី ក្នុងតំបន់ប្រជុំកូនកោះសេនកាគុ ដែលស្ថិតក្រោមរដ្ឋាបាល ជប៉ុន និងដែលកំពុងជាប់ជម្លោះគ្នា។
ការរិះគន់របស់ជប៉ុន មានអត្ថន័យស្របនឹងប្រតិកម្មរបស់សហរដ្ឋអាមេរិក ដែលថា ការទាមទាររបស់ចិនចង់បានធនធាន និងធ្វើសមយុទ្ធនៅតំបន់សមុទ្រចិនខាងត្បូងជាទង្វើខុសច្បាប់ ៕
ដោយ ៖ អ៊ី ជិន