ព័ត៌មានជាតិ

អាល្លឺម៉ង់ បន្ដជួយគាំទ្រ ដំណើរការកំណែ ទម្រង់វិម្ឈការ និងវិសហមជ្ឈការ នៅកម្ពុជា

ភ្នំពេញ ៖ តាមរយៈលោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា គឺរដ្ឋាភិបាលអាល្លឺម៉ង់បង្ហាញឆន្ទៈ ក្នុងការជួយគាំទ្រ ដល់ដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជាបន្តទៀត។

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហា ផ្ទៃ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក Christian Berger បានឲ្យដឹងថា គោលបំណង នៃជំនួបពិភាក្សា នាថ្ងៃនេះ ទាក់ទងនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

លោកមានប្រសាសន៍ថា «អ្វីជាទស្សនៈវិស័យ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះកំណែទម្រង់នេះពិតជាមានសារៈសំខាន់ណាស់ លើការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។អាល្លឺម៉ង់ក៏បង្ហាញនូវឆន្ទៈក្នុងការជួយគាំទ្រដល់ដំណើរ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅកម្ពុជាបន្តទៀតផងដែរ» ។

ជាការឆ្លើយតប សម្តេចស ខេង អរគុណចំពោះការវាយតម្លៃខ្ពស់របស់ ឯកអគ្គរដ្ឋទូត អាល្លឺម៉ង់ ទៅលើវឌ្ឍនភាព នៃកំណែទម្រង់វិមជ្ឈការ និងវិសហម្ឈការនៅកម្ពុជា ដែលធ្វើឲ្យការងារទទួលបានជោគជ័យ តាមពេលវេលាដែលបានកំណត់។

សម្ដេចថា មកដល់ពេលនេះ គោលនយោបាយកំណែ ទម្រង់វិមជ្ឈការ និងវិសហម្ឈការបានដំណើរការមក ដល់ឆ្នាំបញ្ចប់នៃដំណាក់កាលទី១ ដែលមានរយៈពេល ១០ឆ្នាំ ខណៈរាជរដ្ឋាភិបាល កំពុងពិនិត្យពិចារណាលើ រយៈពេល នៃការបន្តកំណែទម្រង់ដំណាក់កាលទី២។

ឆ្លៀតឱកាសនោះ ទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ក៏បានកោតសរសើរចំពោះ ក្រសួងមហាផ្ទៃដែលបានជំរុញ បង្កើត ក៏ដូចជាដាក់ឲ្យដំណើរ ការការិយាល័យ ច្រក ចេញចូលតែមួយ បានកាន់តែច្រើនឡើងថែមទៀត ។ជាក់ស្តែងការដាក់ឲ្យការផ្តល់សេវានៅ តាមមូលដ្ឋានដូចជាការធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារជាដើម។

ចំណែករដ្ឋមន្ដ្រីមហាផ្ទៃ បានលើកឡើងថា ដំណើរ ការ ការិយាល័យច្រកចេញចូលតែមួយ មកដល់ ពេលនេះក្រសួងមហាផ្ទៃបានរៀបចំនៅតាមគ្រប់បណ្តាខេត្តហើយ ចំពោះនៅតាមបណ្តាស្រុកវិញ គឺរៀបចំបាន៥០ភាគរយ ព្រមទាំងបន្តធ្វើការពង្រីកបន្ថែមទៀត៕

ដោយ ៖ អេង ប៊ូឆេង

To Top