កំពង់ចាម ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញារិទ្ធ បានមានប្រសាសន៍ណែនាំ ឱ្យអង្គភាពមន្ទីរព័ត៌មានខេត្តកំពង់ចាម ខិតខំផលិតព័ត៌មាន ឱ្យបានច្រើន ឆាប់រហ័ស និងអាចទុកចិត្តបាន ប្រៀបបានទៅនឹងចុងភៅចំណាន ដែលប្រសព្វនៅក្នុងការធ្វើម្ហូបអាហារ ដើម្បីបម្រើតាមសេចក្តីត្រូវការ របស់អតិថិជនដូច្នោះដែរ ។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ដូច្នេះ នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២០នៅសាលាខេត្តកំពង់ចាម ក្នុងពិធីប្រកាសអ្នកស្រី សម ផល្លា ចូលកាន់តំណែង ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ជំនួសលោក ជា ក្រូច ចូលនិវត្តន៍។
លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដើម្បីផលិតព័ត៌មាន បានឆាប់រហ័ស និងអាចទុកចិត្តបាន អង្គភាពមន្ទីរព័ត៌មាន ត្រូវមានកិច្ចសហការ តាមបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេសថ្នាក់ដឹកនាំខេត្តតែម្ដង ដើម្បីប្រមូលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ផលិតផ្សព្វផ្សាយជាព័ត៌មាន ។
ក្នុងឱកាសនោះផងដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានផ្ដាំផ្ញើដល់ ប្រធានមន្ទីរព័ត៌មានថ្មី សូមជំរុញ ឱ្យមន្ត្រីបានចូលរួម វគ្គបណ្ដុះបណ្ដាល អោយបានច្រើន ដើម្បីឈានទៅអភិវឌ្ឍន៍ខ្លួន នៅក្នុងការចុះយកព័ត៌មាន តាមសម័យបច្ចេកវិទ្យាទំនើបនេះ និងផលិតព័ត៌មាន ប្រកបដោយគុណភាព ធ្វើយ៉ាងណាឲ្យប្រទេសរបស់យើង ក៏ដូចជាក្នុងខេត្តកំពង់ចាម មានភាពទាក់ទាញផងដែរ។
លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើឲ្យ លោកស្រីប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលទើបឡើងកាន់តំណែង សូមឲ្យថែរក្សាសាមគ្គីភាពផ្ទៃក្នុង ដឹកនាំអោយមានតម្លាភាព និងគណនេយ្យភាព ជាពិសេស គឺការឯកភាពផ្ទៃក្នុងឲ្យបានល្អ៕



