ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យ លើការងារតភ្ជាប់ទាញយក ទិន្នន័យ រវាងប្រព័ន្ធទិន្នន័យអត្តសញ្ញាណកម្ម និងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យ CamDX សម្រាប់បម្រើដល់ការ ចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (IT Platform)។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «យើងនឹងពិភាក្សាគ្នា ពីការតភ្ជាប់នូវប្រព័ន្ធទិន្នន័យ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែទន្ទឹមនឹងនេះ ក៏យើងពិនិត្យមើល ហើយសិក្សាបន្តទៀត ទាក់ទងនឹងការតភ្ជាប់ បណ្ដាញទិន្នន័យ របស់អគ្គអត្តសញ្ញាណកម្ម និងក្រសួង ស្ថាប័នពាក់ព័ន្ធផ្សេងៗ សម្រាប់ប្រើប្រាស់ នូវឯកសារអត្តសញ្ញាណកម្ម ហើយយើងអាចមាន គោលការណ៍រួមមួយ ដើម្បីដោះស្រាយបញ្ហានេះ»។
ចំណែកនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើសុំធ្វើការតភ្ជាប់ ដោយស្វ័យប្រវត្តិជាមួយ ប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណកម្ម ដើម្បីទាញយកអត្តសញ្ញាណ រួមទាំងរូបថត និងស្នើចាត់ក្រុមការងារ ធ្វើការផ្ទាល់ជាមួយ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លើកិច្ចការអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីសិក្សាលើការងារ បច្ចេកទេសតភ្ជាប់ និងទាញយកទិន្នន័យ សម្រាប់បម្រើ ដល់ការចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។
សូមជម្រាបជូនថា CamDX គឺជាថ្នាលសម្រាប់ផ្លាស់ប្ដូរទិន្នន័យ សម្រាប់ការផ្លាស់ប្ដូរទិន្នន័យ ក្នុងរដ្ឋាភិបាលឌីជីថល ដោយមានលក្ខណៈពិសេស ចំនួន៥ រួមមាន៖ ការប្រើប្រាសទម្រង់ប្រព័ន្ធអេកូ (EcoSystem), ផ្ដល់សុវត្ថិភាពខ្ពស់ ក្នុងការផ្លាស់ប្ដូរទិន្នន័យ, មិនមានជ្រៀតជ្រែក ការគ្រប់គ្រងទិន្នន័យ របស់ស្ថាប័នម្ចាស់ទិន្នន័យ, មានប្រព័ន្ធតាមដាន មើលការប្រើប្រាស់ តែមិនអាចមើលខ្លឹមសារនៃទិន្នន័យ, និងអនុលោមតាមគោលការណ៍ ផ្លាស់ប្ដូរទិន្នន័យតាមផែនមុខងារAPI៕