ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា រហូតមកដល់ពេលនេះ នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ គ្រប់រាជធានី-ខេត្ត មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ឡើយ ខណៈភាគីពាក់ព័ន្ធទាំងអស់ មានវិធានការទប់ស្កាត់ គ្រប់ពេលវេលា។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ សកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ លោក ចាន់ គីមសេង បានថ្លែងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានកោតសសើរចំពោះមន្ដ្រី ពន្ធនាគាររបស់ដែលខិតខំប្រឹងប្រែង ធ្វើកិច្ចការងារ សម្រេចតួនាទីភារកិច្ចជាច្រើន។
លោកមានប្រសាសន៍ថា «សូមថ្លែងអំណរគុណ ចំពោះគ្រប់អង្គភាពអគ្គនាយកដ្ឋាន ពន្ធនាគារទាំងអស់ ដែលបានខិតខំធ្វើការងារ និងអនុវត្តយ៉ាងសកម្ម នូវវិធានការបង្ក្រាប និងទប់ស្កាត់ ការរីករាលដាល់នៃជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់កែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ហើយជារួមមកដល់ថ្ងៃនេះ គឺយើងធានា បាន១០០ភាគរយ ដែលជនជាប់ឃុំ មិនមានឆ្លងរាលដាល់ នៃជំងឺកូវីដ-១៩»។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ សកម្មភាពឆ្នាំ២០២០ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ លោក សន កែវ អគ្គនាយករង អគ្គនាយកដ្ឋានពន្ធនា គារ នៃក្រសួងមហាផ្ទៃ លើកឡើងថា ផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធគារ គឺជាផែនការសកម្មភាពឆ្នាំទី២ នៃការអនុវត្តផែនការ យុទ្ធសាស្ដ្ររយៈពេល៥ឆ្នាំ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រងជនជាប់ឃុំតាមជំនាញវិជ្ជាជីវៈ ធានាបានសន្ដិសុខ សុវត្ថិភាព សុខភាព និងមនុស្សធម៌ ព្រមទាំង ផ្ដល់កម្មវិធីអប់រំកែប្រែ ស្ដារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមាហរណកម្ម។
លោកបន្ដថា ដើម្បីសម្រេចបានអនុវត្តផែនការ យុទ្ធសាស្ដ្រនេះ ចាំបាច់ត្រូវមានការឧបត្ថម្ភគាំទ្រ ទាំងស្មាតី និងធនធានហិរញ្ញវត្ថុ ពីរាជរដ្ឋាភិបាលកម្ពុជា ពីក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័ន អង្គការ ដៃគូពាក់ព័ន្ធ និងសប្បុរសជននានា។ជាងនេះទៅទៀត ក៏តម្រូវឲ្យមានការខិតខំប្រឹងបំពេញ តួនាទី ភារកិច្ចប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ដ្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់៕
ដោយ អេង ប៊ូឆេង