ព័ត៌មានជាតិ

ការចោទកម្ពុជា បិទសិទ្ធិធ្វើពិធីសាសនា ជាការវិភាគ គ្មានមូលដ្ឋាន លំអៀង និងបម្រើឲ្យនយោបាយ ប្រឆាំងរាជរដ្ឋាភិបាល

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យនៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចេញប្រតិកម្មតប ចំពោះខ្លឹមសារព័ត៌មានដែល បានផ្សព្វផ្សាយក្នុង ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងក្រៅប្រទេសដែលរិះគន់ ចោទកម្ពុជាថា បំបិទសិទ្ធិសេរីភាព ក្នុងការធ្វើពិធីសាសនា ។

លោកថា ការចោទប្រកាន់បែបនេះ គឺជាការវិភាគគ្មាន មូលដ្ឋានច្បាស់លាស់ និងមាននិន្នការនយោបាយ បម្រើឲ្យអតីតបក្សប្រឆាំង ដើម្បីជំទាស់រាជរដ្ឋាភិបាល ។ នេះបើយោងតាមការចេញផ្សាយ អគ្គស្នងការដ្ឋាន នគរបាលជាតិ។

ការឆ្លើយតបរបស់ អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរ បាលជាតិ បានធ្វើឡើងបន្ទាប់ពីប៉ុន្មានថ្ងៃកន្លងមកនេះ មានវិទ្យុបរទេសផ្សាយជាខេមរៈ ភាសាខ្មែរ និងបណ្តាញទំនាក់ទំនង សង្គមមួយចំនួនបានលើក ឡើងនូវបទអត្ថាធិប្បាយ ឬការវិភាគពាក់ព័ន្ធការចោទ ប្រកាន់ និងការវាយតម្លៃដល់អាជ្ញាធរកម្ពុជាថា ធ្វើការកៀបសង្កត់ និងបិទសិទ្ធិសេរីភាពដល់ប្រជាពលរដ្ឋ ក្នុងការជួបជុំប្រារព្ធពិធីសាសនាផ្សេងៗ។

លោក ឆាយ គឹមខឿន បានបញ្ជាក់ថា«យើងខ្ញុំមើលឃើញថា ការវិភាគវាយតម្លៃរបៀបនេះ គឺជាការវិភាគចេញពីទស្សនៈ ប្រកបដោយទុទិដ្ឋិនិយម ខ្មៅងងឹត និងធ្វើឲ្យមានភាពជ្រួលច្របល់ បំពុលបរិយាកាសសង្គម និងធ្វើឲ្យមានការភាន់ច្រឡំ ពីសំណាក់សាធារណជន និងប្រជាពលរដ្ឋខ្មែរ»។

លោកបានបន្តថា ចំពោះការចោទប្រកាន់ខាងលើនេះ គឺគ្មានមូលដ្ឋានច្បាស់លាស់ ដោយមិនបានផ្អែកទៅលើទិដ្ឋភាពច្បាប់ និងមិនផ្អែកទៅលើស្ថានភាព ជាក់ស្តែងនោះឡើយ ដោយមានហេតុផល ៣យ៉ាងគឺ៖

ទី១៖ កើតចេញពីអ្នកសារព័ត៌មាន និងអ្នកវិភាគ ដែល ពុំមានប្រភពព័ត៌មានច្បាស់លាស់ គឺគ្រាន់តែផ្សាយបន្តចំពោះ ព័ត៌មានអកុសលតៗគ្នា ដោយពុំបានធ្វើការ ស្រាវជ្រាវឲ្យបានច្បាស់ អំពីប្រភពព័ត៌មានពិត។

ទី២៖ អ្នកព័ត៌មាន និងវិទ្យុបរទេសនិយាយភាសាខ្មែរ មួយចំនួន ធ្វើការវិភាគដើម្បីបម្រើឲ្យនយោបាយ ប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។

ទី៣៖ គឺអ្នកវិភាគដែលមានគំនុំ ជាមួយប្រទេសជាតិ របស់ខ្លួន និងអ្នកវិភាគមួយចំនួនទៀត ដោយសារពួកគេបានរត់គេច ចេញពីសំណាញ់ច្បាប់ ហើយមាន កំហឹងចំពោះរដ្ឋាភិបាល ហេតុនេះពួកគេរិះរកវិធី បញ្ចេញកំហឹងដោយធ្វើការវាយ បកប្រឆាំងជាមួយរដ្ឋាភិបាលវិញ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថា បិទសិទ្ធិធ្វើពិធីសាសនា នេះដែរ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាង ការរៀបចំពិធីសាសនាផ្សេងៗ គ្មានច្បាប់ណាហាមឃាត់ទេ ដោយបានធ្វើការបកស្រាយ ៣ចំណុចត្រឡប់ទៅវិញដូចតទៅ៖

ទី១៖ ក្នុងបរិបទដែលពិភពលោកកំពុង តែយកចិត្តទុកដាក់ក្នុងការទប់ ស្កាត់ប្រឆាំងនឹងមេរោគឆ្លងកូវីដ១៩ កម្ពុជាក៏ជាប្រទេសមួយដែលរងគ្រោះ ឬក៏ខិតខំបង្ការទប់ស្កាត់ ដើម្បីការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋផងដែរ។ ដូច្នេះ វិធានការសុខាភិបាល គឺជាភាពចាំបាច់ត្រូវតែអនុវត្ត ដោយត្រូវអនុវត្តតាម គោលការណ៍គម្លាតសង្គម។ ដូច្នេះការជួបជុំក្នុងទ្រង់ទ្រាយធំ ត្រូវបានហាមឃាត់។

ទី២៖ ជាធម្មតាប្រពៃណី ទំនៀមទម្លាប់ខ្មែរ ការរៀបចំពិធីបុណ្យ តែងតែធ្វើឡើងនៅតាមវត្តអារាម ឬក៏នៅក្នុងសាមីផ្ទះម្ចាស់បុណ្យ ហើយគេក៏មិនដែលរៀបចំនៅតាមទីផ្សារ ហាង និងតាមផ្លូវសាធារណៈដែរ ឬរៀបចំតាមកន្លែងនានា ដែលមិនមែនជាសាមីផ្ទះនៃ ម្ចាស់ដើមបុណ្យនោះឡើយ ហើយអ្នកចូលរួមពិធីបុណ្យក៏មិន ដែលដើរស្រែកជ័យឃោស តាមទីសាធារណៈនោះផងដែរ។

ទី៣៖ ប្រសិនបើធ្វើពិធីនោះ ក៏ត្រូវមានការអនុញ្ញាតពីអាជ្ញាធរនៅមូលដ្ឋាន មានន័យថា បើសិនចង់ធ្វើនៅទីសាធារណៈ កន្លែងណាផ្សេងក្រៅពីវត្តអារាម ក្រៅពីផ្ទះនៃសាមីបុណ្យសពនេះ ជាចាំបាច់ត្រូវសុំច្បាប់ពីអាជ្ញាធរ ដោយនេះជាច្បាប់ ស្តីពីសណ្តាប់ធ្នាប់សាធារណៈ។ បន្ថែមលើនេះ ត្រូវសុំការអនុញ្ញាតពីម្ចាស់ ទីតាំងគោលដៅទៀតផង បើទីនោះមានម្ចាស់គ្រប់គ្រង ឬជាកន្លែងកម្មសិទ្ធិឯកជន៕

ដោយ អេង ប៊ូឆេង

To Top