ភ្នំពេញ ៖ កាលពីខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២២៨គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៤០៤ ៨៤០ ០០០រៀល។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ចំនួនរថយន្តដែលចាប់បានមានការថយចុះចំនួន ៤៨គ្រឿង បើប្រៀបធៀបទៅនឹងតួលេខខែមេសា ឆ្នាំ២០២០ ដែលមានចំនួន ២៧៦គ្រឿង។
ប្រភពដ៏ដែល រៀបរាប់ថា ក្នុងចំណោមរថយន្តដែលចាប់បាននោះគិតចំនួនជាភាគរយ មានដូចជា ៖ លើសពី ៥%-១០% មានចំនួន ១០គ្រឿង ,លើសពី ១០%-២០% មានចំនួន ១៣០គ្រឿង ,លើសពី ២០% មានចំនួន ៨៨គ្រឿង។ដូច្នេះម្ចាស់រថយន្តដឹកទំនិញមេត្តាគោរពច្បាប់ និងកុំដឹកលើសទម្ងន់កម្រិតកំណត់ ដែលអាចបំផ្លាញផ្លូវជាតិ និងខាតបង់ថវិកាជាតិ៕





