ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាលបានស្នើឲ្យ ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ជាប់ជានិច្ចចំពោះជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាក ជាច្រើននាពេលខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសឲ្យឈប់សម្រាក រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ សីហា ។ ការឈប់នេះដើម្បីសងជំនួស ដែលមិនបានឈប់ថ្ងៃចូលឆ្នាំខ្មែរ។
លោកស្រីបានថ្លែងនៅព្រឹកថ្ងៃ១៧ កក្កដានេះថា បុគ្គលគ្រប់រូប មិនត្រូវសន្តិភាពនិយម ជាមួយវីរុសបែបនេះ នោះឡើយ និងរិតតែចាក់ចង្កេះបុគ្គលគ្រប់រូបថា សុំកុំភ្លេចពីលទ្ធភាពនៃការចម្លង របស់វីរុសកូវីដ១៩ ដែល មានភាពរហ័ស ដែលពិបាកប៉ាន់ស្មាន។
លោកស្រីថា “ត្រូវតែមានការប្រុងប្រយ័ត្នជាប់ជានិច្ច អនុវត្តវិធានការការពារឲ្យ បានខ្ជាប់ខ្ជួនទោះជានៅទៅទីណា នៅកន្លែងណា កាលៈទេសៈណា និងពេលវេលាណាក៏ដោយ ជាពិសេសនៅក្នុងអំឡុងពេល ឈប់សម្រាកយូរនាពេលខាងមុខនេះ សូមបងប្អូនប្រជាពលរដ្ឋ កុំភ្លេចឲ្យសោះនូវការការពារខ្លួន ដើម្បីសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារខ្លួន មិនមានការចម្លងវីរុសកូវីដ១៩” ។
សូមបញ្ជាក់ថា មកដល់ថ្ងៃ១៧ កក្កដានេះមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៦៥នាក់ និងអ្នកជាសះស្បើយចំនួន ១៣៣នាក់ ៕