ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ មានប្រសាសន៍ថា មកទល់ ពេលនេះមានជនបរទេសដែលស្នាក់នៅប្រទេសកម្ពុជា បានចុះបញ្ជីតាមប្រព័ន្ធព័ត៌មានវិទ្យាមាន ជាង១៦ម៉ឺននាក់ ប៉ុន្ដែវត្តមានជនបរទេសស្នាក់នៅ កម្ពុជា ជាក់ស្ដែង ជាង១១ម៉ឺននាក់ប៉ុណ្ណោះ។
ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២០ របស់អគ្គ នាយកដ្ឋានអន្ដោប្រវេសន៍ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក គៀត ច័ន្ទថារិទ្ធ បានឲ្យដឹងថា រយៈពេល៦ខែ ឆ្នាំ២០២០នេះ មានបញ្ហាជំងឺកូវីដ-១៩ ធ្វើឲ្យជនបរទេសមកកម្ពុជា មានការថយចុះ ហើយកម្ពុជាទទួលជនបរទេស ជាង១លាននាក់ បើប្រៀបធៀបដូចគ្នា ឆ្នាំ២០១៩ ជាង៣លាននាក់។
លោកមានប្រសាសន៍ថា «តាមប្រព័ន្ធព័ត៌មានវិទ្យា ដែលយើងបានបង្កើតឡើង ហើយយើងអនុញ្ញាត ឲ្យម្ចាស់គោលដៅ និងម្ចាស់ទីតាំង ឬម្ចាស់លំនៅដ្ឋាន ឬអ្នកកាន់កាប់លំនៅដ្ឋាន នៅក្នុងព្រះរាជណាចក្រកម្ពុជា ចុះវត្តមានជនបរទេសស្នាក់នៅលំនៅដ្ឋានរបស់ខ្លួន។មកដល់ម៉ោងនេះ យើងទទួលបាន ជាង១៦ម៉ឺននាក់ ដែលបានចុះបញ្ជីនៅក្នុងប្រព័ន្ធយើង ប៉ុន្ដែប្រព័ន្ធក៏បានបញ្ជាក់ថា វត្តមានជាក់ស្ដែង ប្រហែលជាង១១ម៉ឺននាក់»។
លោករៀបរាប់ថា ប្រពន្ធព័ត៌មានវិទ្យាកំពុងតែតាមបន្ដទៀត ចំពោះជនបរទេសស្នាក់នៅកម្ពុជា ដូច្នេះជនបរទេសអាចនឹងមានការកើនឡើងបន្ថែមទៀត ដោយសារតែអគ្គនាយកដ្ឋានអន្ដោប្រវរសន៍ ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធី ប្រពន្ធព័ត៌មានវិទ្យា។
លោកសង្ឃឹមថា ការចុះបញ្ជីជនបទេសតាមប្រព័ន្ធព័ត៌មានវិទ្យា នឹងកាន់តែល្អបន្ថែមទៀត ព្រោះការ ងារនេះក៏ជាជំហានដំបូងនៅកម្ពុជា ហើយការងារនេះក៏បានជួបបញ្ហា មួយចំនួនផងដែរ ។ លោកក៏បាន សូមណូពរ ម្ចាស់ទីតាំង ម្ចាស់លំនៅដ្ឋាន ម្ចាស់អគារ ជាដើម ត្រូវចូលរួមទាំងអស់គ្នា ដើម្បីឲ្យការងារ ប្រសិទ្ធភាព តម្លាភាព ព្រោះការងារទាំងនេះកំណត់ដោយច្បាប់។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្ដោប្រវេសន៍ បានលើកឡើងថា ប្រសិនបើមានម្ចាសទីតាំងណាមួយឲ្យជនបរទេសស្នាក់នៅ ហើយមិនសហការជាមួយសម្ថកិច្ចនឹង ទទួលពិន័យតាមផ្លូវច្បាប់ ៕ ដោយ អេង ប៊ូ ឆេង