កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២០នេះ បានដឹកនាំក្រុមការងារ រួមជាមួយនឹងមន្ត្រី នៃក្រសួងធនធានទឹក ចុះពិនត្យទំនប់តំបន់មានប្រវែងជាង ៣ពាន់ម៉ែត្រ ស្ថិតនៅជាប់ព្រំប្រទល់ស្រុកព្រៃឈរ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
ទំនប់តំបន់ខាងលើនេះ បើតាមមេឃុំសំរោង លោក សាំង ឆន បានប្រាប់ឲ្យដឹងថា ទំនប់នេះមានប្រវែងជាង ៣ ពាន់ម៉ែត្រ អាចនិយាយបានថា ជាតំបន់ប្រវត្តិសាស្រ្ត ព្រោះថានៅតំបន់នេះ ក្នុងសម័យខ្មែរក្រហមកាន់កាប់ បានប្រើប្រជាពលរដ្ឋលើកទំនប់នេះ ហើយក៏មានការ កាប់សម្លាប់ប្រជាពលរដ្ឋ អស់ជាច្រើននាក់ផងដែរ ក្នុងការងារលើកទំនប់។
ប៉ុន្តែក្រោយមក ទំនប់នោះ បានខូចខាតទៅវិញ លុះរហូតដល់អណត្តិ លោក អ៊ុន ចាន់ដា មកធ្វើអភិបាលខេត្តកំពង់ចាម ទើបតំបន់ទំនប់បានប្រែក្លាយ ទៅជាតំបន់ ដែលផ្ដល់ផលប្រយោជន៍ យ៉ាងសន្ធឹកសន្ធាប់ ដល់ប្រជាពលរដ្ឋ ក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ ក្នុងការទទួលបានទឹក សម្រាប់ស្រោចស្រព ដំណាំរបស់ពួកគាត់ ។
លោក សាំង ឆន មេឃុំសំរោង តំណាងអោយប្រជាពលរដ្ឋ លោកបានយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ដែលជានិច្ចជាកាល លោកតែងតែបានយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ របស់ប្រជាពលរដ្ឋ ។
ម្យ៉ាងវិញទៀត លោកមេឃុំ ក៏សូមសំដែងនូវការរីករាយ និងថ្លែងអំណរគុណ ដល់ក្រុមការងារក្រសួងធនធានទឹក ក៏ដូចជាអាជ្ញាធរខេត្តកំពង់ចាម ដែលបានខិតខំប្រឹងប្រែង កសាងទំនប់តំបន់នេះ រួចរាល់ជាស្ថាពរយ៉ាងឆាប់រហ័ស ធ្វើឲ្យមានសោភណ្ឌភាព និងពោរពេញ ទៅដោយផលប្រយោជន៍ សម្រាប់ប្រជាកសិករយើង ទាំងអស់គ្នា។
គួរបញ្ជាក់ផងដែរថា តាមការស្ទង់មតិ របស់ប្រជាពលរដ្ឋ រស់នៅតំបន់នោះ បានថ្លែងឲ្យដឹងថា ទំនប់តំបន់នេះ អាចនឹងក្លាយទៅជា តំបន់ទេសចរណ៍ធម្មជាតិផងដែរ ដោយហេតុថា នៅតំបន់នេះ ពេលមានទឹកជំនន់ពិតជា មានសុភាពស្រស់ស្អាតណាស់ នៅអមសងខាងផ្លូវ ។កន្លងមកក៏មានប្រជាពលរដ្ឋ ជាច្រើននៅក្នុងតំបន់នេះ មកទស្សនាគយគន់ លំហែកាយ ស្ទូចត្រីលេង ទៅតាមចំណង់ចំណូលចិត្ត របស់ពួកគេក្នុងរដូវទឹកជំនន់ ដែលកាលនោះ មិនទាន់មានផ្លូវស្អាត ដូចបច្ចុប្បន្នទេ ។
អ្នកភូមិដដែលបានបញ្ជាក់ទៀតថា ពេលបច្ចុប្បន្ននេះ ដោយសារតែទំនប់នេះ បានសាងសង់រួចរាល់ជាស្ថាពរ ហើយផ្លូវនៅក្នុងតំបន់នេះ បានកសាងស្អាតងាយស្រួល នៅក្នុងការធ្វើដំណើរផងនោះ ពួកគាត់រំពឹងទុកថា ទៅថ្ងៃមុខ នឹងមានភ្ញៀវទេសចរ នៅទីជិតនិងទីឆ្ងាយ មកកម្សាន្តនៅទីនេះ បានច្រើនមិនខានឡើយ៕