ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានថ្លែងថា មានស្ដ្រីខ្មែរសញ្ជាតិអាមេរិកម្នាក់ បានលួចរត់ចេញ ពីកន្លែងធ្វើចត្តាឡីស័ក ហើយបច្ចុប្បន្ននេះសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវរកស្ដ្រីរូបនោះ ឲ្យត្រឡប់ធ្វើចត្តាឡីស័កវិញ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅគ្រុបតេឡេក្រាម នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ថា «គាត់បានរត់ចេញ កន្លែងធ្វើចត្តាឡីស័ក ពិតប្រាកដមែន ហើយបច្ចុប្បន្ននេះ អាជ្ញាធរលោកកំពុងស្រាវជ្រាវ ដើម្បីរកបុគ្គលនេះ»។
លោកស្រីបន្ដថា អាជ្ញាធរកំពុងតាមស្រាវជ្រាវរកស្ត្រីរូបនេះ ត្រឡប់មកវិញ ។ លោកស្រី អំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលបានឃើញស្ត្រីមានភិនភាគ ដូចក្នុងរូបថត ត្រូវប្រញាប់រាយការណ៍ ទៅអាជ្ញាធរ ក្នុងមូលដ្ឋានភ្លាមៗ ដើម្បីយកគាត់មកធ្វើ ចត្តាឡីស័កឡើងវិញ។
លោកស្រីពន្យល់ថា ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំង ដែលរត់ចេញពីការធ្វើ ចត្តាឡីស័កនេះ គាត់បានធ្វើ ដំណើរចេញពីអាមេរិក បន្ដជើងហោះហើរនៅកូរ៉េ ដូច្នេះស្ដ្រីរូបនេះស្ថិតនៅក្នុងក្រុមមន្ដ្រី ស្ថានទូត អាមេរិកប្រចាំកម្ពុជាពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ កក្កដា។
លោករៀបរាប់ថា ស្ត្រីរូបនេះ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ ហើយស្ដ្រីរូបនេះ កាលពីយប់មិញគាត់នៅធម្មតា លុះដល់ពេលព្រឹកឡើង ម៉ោង៧ ក្រុមគ្រូពេទ្យយកម្ហូបអាហារ ពេលព្រឹកជូនគាត់ និងតាមដានសុខភាពគាត់ ក៏មិនឃើញនៅ ក្នុងបន្ទប់តែម្តង ៕