ភ្នំពេញ ៖ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្រ្ដមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយកប៊ែលធី គ្រុប ព្រមទាំងថ្នាក់ដឹកនាំ បាននាំយកថវិកាចំនួន ១២,០០០,០០០រៀល (ដប់ពីរលាន) និងអាហារូបករណ៍ ១០០% ចំនួន ៣កន្លែង សម្រាប់សិក្សាថ្នាក់ ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅ រហូតដល់ចប់ថ្នាក់ទី១២ និងកម្រិតទី១២ (Level 12) ព្រមទាំងសិក្សាថ្នាក់បរិញ្ញាបត្រ រយៈពេល ៤ឆ្នាំ ដើម្បីប្រគល់ជូន ៖
១-សិស្សឈ្មោះ ឡាំ សេងតាយ និង ២-សិស្សឈ្មោះ ឡាំ គីមជូ ដែលគ្រួសារបានជួប ឧបទ្ទវហេតុភ្លើងឆេះផ្ទះ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ដែលបណ្តាល ឱ្យបងប្អូនបង្កើត ចំនួន ២នាក់ បាត់បង់ជីវិត និងសមាជិកគ្រួសារផ្សេងទៀត រងរបួសធ្ងន់-ស្រាល រហូតត្រូវសម្រាកនៅមន្ទីរពេទ្យ ។
ក្នុងនាមថ្នាក់ដឹកនាំ ប៊ែលធី គ្រុប ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ក្នុងនោះផងដែរ ក៏មានសិស្សប៊ែលធី ១នាក់ទៀត ឈ្មោះ តាំង ចុងហ៊ួ ដែលផ្ទះនៅជាប់គ្នា ហើយបានទទួលរងនូវភ្លើងឆេះផ្ទះដែរនោះ ក៏ទទួលបានថវិកាចំនួន ២,០០០,០០០រៀល (ពីរលានរៀល) និងអាហារូបករណ៍ ១០០% សិក្សាថ្នាក់ចំណេះទូទៅ ថ្នាក់ទី១២ និងថ្នាក់បរិញ្ញាបត្រ រយៈពេល ៤ឆ្នាំ ផងដែរ ។
ប្រសិនបើប្អូនៗសិស្សានុសិស្ស និងសប្បុរសជនទាំងអស់ ដែលមានបំណងចង់ចូលរួមឧបត្ថម្ភថវិកា ដើម្បីជួយសម្រាលបន្ទុក ដល់គ្រួសារជនរងគ្រោះ ដែលបានជួបឧបទ្ទវហេតុ ដូចបានជម្រាបជូនខាងលើនេះ សូមទំនាក់ទំនងលេខទូរស័ព្ទ 099 308 708 (ឪពុក) ៕













