ភ្នំពេញ៖ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ កម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីតិចទៅច្រើន នៅតាមតំបន់មួយចំនួន ហើយអាចមាន បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផងដែរ។
យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា តាមរយៈនៃការប្រែប្រួល ជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុសង្កេតឃើញថា ជ្រលងសម្ពាសធទាប និងខ្យល់មូលសុងនិរតី អូសបន្លាយ និងមានឥទ្ធិពលមធ្យមកលើកម្ពុជា។
ក្រសួងបន្តថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់ វាលទំនាបកណ្តាលនឹង អាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅច្រើន ។ ជាមួយគ្នានោះ ក៏មានផ្នែកខ្លះអាចមានភ្លៀងខ្លាំង។ ចំណែកបណ្តាខេត្ត នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ក៏នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ ។ និងបណ្តាខេត្ត នៅតំបន់មាត់សមុទ្រវិញ ក៏នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុង កម្រិតពីខ្សោយទៅមធ្យម។
ជាមួយគ្នានោះដែរ ក្រសួងក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ទ្រាក់ ដែលអាចនឹងកើតមាន ជាយថាហេតុផងដែរ៕ ស.សំណាង

