ភ្នំពេញ ៖ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានី ភ្នំពេញបានលើកឡើងថា សកម្មភាពរបស់លោក កឹម សុខា ចុះទៅតាមបណ្តាខេត្តមួយចំនួននាពេលប៉ុន្មានថ្ងៃមកនេះ អាចនឹងឈានទៅហួសព្រំដែន ឬនាំ ទៅដល់ការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោមការ ប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ក្រោយ មកក៏បន្តមករស់នៅ ក្នុងផ្ទះរបស់នៅខណ្ឌទួលគោក ។ ប៉ុន្តែប៉ុន្មានថ្ងៃមកនេះ លោកបានចេញក្រៅផ្ទះ ដើម្បីទស្សនាកំសាន្ត នៅខេត្តត្បូងឃ្មុំ កំពង់ចាម សៀមរាប និងខេត្តមួយចំនួនទៀត ដោយបានជួបពលរដ្ឋផងដែរ។
យោងតាមលិខិត របស់ក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានក្រើនរំលឹកលោក កឹម សុខា អតីត ប្រធានគណបក្សសង្រ្គោះជាតិ អំពីសកម្មចុះតាមបណ្តាខេត្ត។
លិខិតបន្តថា “សូមឲ្យលោក កឹម សុខា មានស្មារតីគោរព បានហ្មត់ចត់ ម៉ឺងម៉ាត់ និងត្រូវប្រកាន់ភ្ជាប់នូវកាតព្វកិច្ច ដែលតុលាការបានដាក់ឲ្យស្ថិត នៅក្រោម ការត្រួតពិនិត្យតាមផ្លូវតុលាការ ខណៈដែល ជនជាប់ ចោទរូបនេះបានចុះទៅកាន់មូលដ្ឋាន ដើម្បីជួបអ្នកគាំទ្រ និងធ្វើសកម្មភាពផ្សេងៗទៀត” ។
ក្រុមប្រឹក្សាជំនុំជម្រះបន្តថា ខ្លួនទទួលរបាយការណ៍ របស់មន្ត្រីនគរបាលយុត្តិធម៌ ទទួលបន្ទុកតាមដាន និងអនុវត្តដីកា សម្រេចដាក់ជនត្រូវចោទឈ្មោះ កឹម សុខា ស្ថិតនៅក្រោមការត្រួតពិនិត្យ តាមផ្លូវតុលាការថា នាពេលថ្មីៗនេះ ជនជាប់ចោទបានធ្វើសកម្មភាព មួយចំនួន ជាពិសេសនៅតាមបណ្ដាខេត្ត បានចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ក៏ដូចជាការ ប្រមូលផ្ដុំ ជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួន ក្រោមរូបភាពផ្សេងៗ។
ក្រុមប្រឹក្សាជំនុំជម្រះបញ្ជាក់ថា “សកម្មភាពទាំងអស់នេះ អាចនឹងឈានទៅ ហួសព្រំដែន ឬនាំទៅដល់ ការបំពានលើកាតព្វកិច្ច នៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលតម្រូវដាក់លើ ជនជាប់ចោទ”៕



