ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចាប់អារម្មណ៍៧ចំណុច ក្នុងពិធីប្រកាសតែងតាំងមុខងារ នាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង និងកងពលតូច ថ្មើរជើងលេខ៥៣

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចាប់អារម្មណ៍៧ចំណុច ក្នុងពិធីប្រកាសតែងតាំងមុខងារ នាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងកងពលតូចថ្មើរជើង លេខ៥៣ នាថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

១. សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់ របស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានរបស់តំបន់ប្រតិបត្តិការសឹករងបាត់ដំបង នៅក្នុងដំណើរការកសាងពង្រឹងអង្គភាព ចាប់តាំងពីពេលបង្កើតក្នុងឆ្នាំ១៩៧៩ ដោយទទួលបានស្នាដៃ និងសមិទ្ធិផលជាច្រើន រហូតមកដល់បច្ចុប្បន្ន ជាអាទិ៍ការពង្រឹងរចនាសម្ព័ន្ធដឹកនាំបញ្ជា, ការចាត់តាំងហ្វឹកហ្វឺនរៀនសូត្រ បំប៉នជំនាញ និងអប់រំចិត្តសាស្ត្រ, ការកសាងប្រៀបការពារជាតិ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ សម្រួលដល់ការបំពេញភារកិច្ច និងជីវភាពរស់នៅរបស់កងទ័ព បានយ៉ាងល្អប្រសើរ ដោយរួមទាំងការងារអតីតយុទ្ធជនតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក.) ផងដែរ ។

២. ជាយន្តការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីផ្តល់គោលនយោបាយជួយដល់នាយទាហាន នាយទាហានរង ពលទាហាន ក៏ដូចជាកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ, សមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក.) គឺជាយន្តការបន្ថែមដើម្បីជួយអតីតយុទ្ធជនយើង ដែលត្រូវបានផ្ទេរទៅក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន។ សមាគមនេះ មានរចនាសម្ព័ន្ធច្បាស់លាស់ពីលើដល់ក្រោម និងមានសកម្មភាពរស់រវើក ជាពិសេសនៅក្នុងខេត្តបាត់ដំបងនេះផ្ទាល់ ដោយក្នុងនោះមានការចូលរួមចំណែកយ៉ាងសកម្ម របស់ថ្នាក់ដឹកនាំមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន, កងទ័ព, នគរបាល និងកងរាជអាវុធហត្ថ ក្នុងបុព្វហេតុ ការងារអតីតយុទ្ធជន ដែលជាការងារ ដ៏មានសារៈសំខាន់ចាំបាច់ ព្រោះគោលនយោបាយ សម្រាប់អតីតយុទ្ធជន ក៏ជាគោលនយោបាយ សម្រាប់យុទ្ធជនយើងបច្ចុប្បន្នផងដែរ។

៣. អង្គភាពទ័ពនីមួយៗ មិនមែនជារបស់មេបញ្ជាការ ឬបុគ្គលណាទេ គឺជារបស់ជាតិយើង ជារបស់យើងទាំងអស់គ្នា។ ជាតិខ្មែរយើងនៅបន្ត ដូច្នេះ អង្គភាពត្រូវមានអត្ថិភាព នៅបន្តនិរន្តរភាព ទទួលរ៉ាប់រងភារកិច្ចការពារជាតិមាតុភូមិ ការពារទឹកដី សុខសន្តិភាព ជូនប្រជាពលរដ្ឋ។ ក្នុងន័យនេះ ក្នុងគ្រប់តួនាទីនិងមុខតំណែងទាំងអស់ ភារកិច្ចសំខាន់ ០៣ របស់អ្នកដឹកនាំ ឬមេបញ្ជាការគ្រប់រូប គឺ (១) រក្សាសមិទ្ធិផលរបស់មេបញ្ជាការមុន, (២) កសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និង (៣) បន្តសមិទ្ធិផលទាំងនេះ ឱ្យនាយទាហានបន្តវេន ។ ទាំងនេះ គឺជាភារកិច្ចស្នូល ដោយត្រូវរួបរួមគ្នាធ្វើយ៉ាងណា ពីមួយជំនាន់ទៅមួយជំនាន់ បន្តកសាងពង្រឹងអង្គភាពឱ្យកាន់តែរឹងមាំ។

៤. ការទទួលបានការដំឡើង បុណ្យសក្តិ ឬតួនាទី គឺជាការទទួលបានសិទ្ធិអំណាច ។ ប៉ុន្តែសិទ្ធិអំណាចនេះ គឺភា្ជប់មកជាមួយនូវការ ទទួលខុសត្រូវ ។ យើងអាចប្រគល់សិទ្ធិឱ្យគេធ្វើការ ប៉ុន្តែយើងមិនអាចផ្ទេរការ ទទួលខុសត្រូវ របស់យើង ក្នុងនាមជាអ្នកដឹកនាំបានឡើយ ។ ចំពោះការតែងតាំងមុខតំណែង នៅក្នុងកងទ័ពជើងគោក ចាប់ពីកម្រិតមួយឡើងទៅ គឺត្រូវឆ្លងកាត់ការ វាយតម្លៃជ្រើសរើស ដែលធ្វើឡើង ដោយមានឋានានុក្រមច្បាស់លាស់ និងដោយអនុវត្តតាមគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” របស់អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

៥. នៅក្នុងការវាយតម្លៃនីមួយៗ គ្មានអ្នកណាល្អឥតខ្ចោះនោះទេ បុគ្គលតែងមានចំណុចខ្លាំង ចំណុចខ្សោយ ប៉ុន្តែការវាយតម្លៃអាចធ្វើឡើង ដោយផ្អែកលើលក្ខណៈសម្បត្តិសត្យានុម័ត រួមមានឆន្ទៈ, សមត្ថភាព, បទពិសោធន៍ការងារ, សុខភាព, ការទទួលខុសត្រូវ, ភាពជាអ្នកដឹកនាំ ហើយជាទូទៅ ក៏ត្រូវឈរលើមូលដ្ឋាន នៃនិរន្តរភាពផងដែរ ដែលគឺជាការរួមផ្សំ សមាសភាព លាយគ្នា រវាងនាយទាហានជំនាន់១ ដែលមានបទពិសោធន៍ និងជំនាន់២ ជាអ្នកជំនាន់ក្រោយ ដើម្បីផ្តល់ឱកាសឱ្យពួកគាត់បានសហការរួមគ្នា ជួយគ្នាបន្តជំរុញការកសាងអង្គភាព។

៦. ភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធ គឺស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ, ការពារបូរណភាពទឹកដី, ការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ តាមរយៈការកសាងពង្រឹងអង្គភាព, សាមគ្គីផ្ទៃក្នុង ដើម្បីរួមគ្នាបំពេញភារកិច្ចជូនជាតិមាតុភូមិ ។ ដើម្បីសម្រេចភារកិច្ចនេះ គឺទាមទារឱ្យមានការដឹកនាំដោយមានការចូលរួមទាំងអស់គ្នា ក្រោមធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អ រួមគ្នាជាអង្គភាពតែមួយ ដោយមិនត្រូវឱ្យមានការបែកបាក់ផ្ទៃក្នុងអង្គភាព ឬការប្រៀបធៀបគ្នាឡើយ ព្រោះវិធីសាស្ត្រអាចខុសគ្នា ប៉ុន្តែទិសដៅគឺតែមួយ ហើយធ្វើយ៉ាងណារក្សាឱ្យបាននូវនិរន្តរភាពនៃសាមគ្គីភាពនេះ ដើម្បីឱ្យអង្គភាពដើរទៅមុខកាន់តែរឹងមាំ។

៧.នៅចំពោះមុខបញ្ហាកូវីដ-១៩ សូមអរគុណ និងកោតសរសើរដល់គ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ ដែលបានចាត់វិធានការរឹងមាំ និងប្រុងប្រយ័ត្ន ប៉ុន្តែជាមួយនឹងហានិភ័យដែលនៅមាន សូមបន្តយកចិត្តទុកដាក់លើបញ្ហានេះ ដោយត្រូវដាក់ចេញនូវរាល់វិធានការ សុខាភិបាល ក៏ដូចជាបំផុសឱ្យយោធិនទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការថែរក្សាសុខភាព អនាម័យផ្ទាល់ខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩នេះ ក្នុងនោះធ្វើយ៉ាងណា រក្សាឱ្យបានស្មារតីនឹងនរ ដោយចូលរួមអនុវត្តរាល់វិធានការ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ៕

To Top