ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា បច្ចុប្បន្ន ការគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា មានលក្ខណៈងាយស្រួល និងមានភាពច្បាស់លាស់ជាងមុនដោយ ហេតុថា ជនបរទេសទាំងនោះ ចុះបញ្ជីតាមប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា (FPCS)។
ក្នុងកិច្ចប្រជុំស្ដីពី ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា ឬហៅកាត់ថា FPCS (Foreigners Present in Cambodia System) នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង កោតសរសើចំពោះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបាន អនុវត្តកិច្ចការងារ គ្រប់គ្រងជនបរទេសអន្តោប្រវេសន៍នៅក្នុងកម្ពុជាប្រកបដោយភាពត្រឹមត្រូវ បើទោះបីជាក្នុងរយៈកាលកន្លងមកមានមតិរិះគន់និងការមិនពេញចិត្តចំពោះករណីការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍នេះយ៉ាងណាក្តី។
សម្ដេចក្រឡាហោមមានប្រសាសន៍ថា«បច្ចុប្បន្នការគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជាមានលក្ខណៈងាយស្រួល និងមានភាពច្បាស់លាស់ជាងមុន ដោយហេតុថារាល់ការងារចុះបញ្ជីវត្តមាន ជនបរទេសទាំងអស់មានភាពត្រឹមត្រូវជាងមុន ដោយឡែកជនបរទេសដែលមិនបានមកចុះបញ្ជីស្របច្បាប់ នោះគឺមិនទទួលស្គាល់ឡើយ»។
នាឱកាសនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរំលឹកថា មកដល់ឆ្នាំ២០១៩នេះ ដើម្បីជំរុញការគ្រប់គ្រងជនបរទេសមិនមែន អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាព អគ្គនាយកដ្ឋានបានសិក្សាឡើងវិញនិងស្នើសុំក្រសួងកែសម្រួលសេចក្ដីណែនាំនិងដាក់ចេញសេចក្ដីណែនាំថ្មីស្ដីពីការគ្រប់គ្រងវត្តមានជនអន្តោប្រវេសន៍ដែលមានវត្តមាននៅកម្ពុជា។
លោកបន្ថែមថា អគ្គនាយកដ្ឋានបានដាក់ចេញនូវផែនការដើម្បីអនុវត្តសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ ក្នុងនោះបានសិក្សាដើម្បីបង្កើតប្រព័ន្ធព័ត៌មានវិទ្យាធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលក្នុងប្រតិបត្តិការជូនដំណឹងវត្តមានជនបរទេសរបស់ម្ចាស់អាជីវកម្ម អ្នកកាន់កាប់លំនៅដ្ឋាន មកកាន់នគរបាលមានសមត្ថកិច្ច ក្នុងការមានលទ្ធភាពពិនិត្យទិន្នន័យជនបរទេសដែលស្នាក់នៅទីតាំងរបស់ខ្លួនក៏ដូចជាការងារស្រាវជ្រាវផ្សេងៗ។
បន្ថែមពីនេះលោកបានលើកឡើងថាចាប់ពីពាក់កណ្ដាលឆ្នាំ២០១៩ក្រុមបច្ចេកទេសអគ្គនាយកដ្ឋានអន្តោប្រវេសន៍មានការរៀបចំពីប្រព័ន្ធកុំព្យូទ័រមកប្រព័ន្ធកម្មវិធីថ្មី(App)ដែលមានឈ្មោះថាប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា (FPCS) ដែលប្រព័ន្ធនេះអាចប្រើប្រាស់បាន ដោយគ្រាន់តែធ្វើការស្កេនលើលិខិតឆ្លងដែន ហើយអាចទាញយកទិន្នន័យចូលក្នុងប្រព័ន្ធដោយប្រើប្រាស់រយៈពេលខ្លី ។
លោក បានបន្តថា កន្លងមក អគ្គនាយកដ្ឋានក៏បានចាត់ក្រុមបច្ចេកទេសចុះតាមស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបង្រៀនដល់ប៉ុស្ដិ៍រដ្ឋបាលទាំងអស់ឲ្យយល់ និងចេះប្រើប្រាស់ប្រព័ន្ធ របៀបចុះបញ្ជី ហើយប្រើប្រាស់នគរបាលរដ្ឋបាលជាសំខាន់ក្នុងការគ្រប់គ្រងជនបរទេសនៅក្នុងមូលដ្ឋានរបស់ខ្លួន ហើយការងាររបស់នគរបាលរដ្ឋបាលមានលក្ខណៈសកម្មហើយពួកគាត់ជួយជំរុញឲ្យប្រព័ន្ធដំណើរការបានល្អ។
លោករៀបរាប់ថា ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា នេះផ្ដល់អត្ថប្រយោជន៍សម្រាប់ម្ចាស់ទីតាំងផង និងនគរបាលសមត្ថកិច្ចផង ដោយម្ចាស់ទីតាំងអាចប្រើប្រាស់ទិន្នន័យក្នុងប្រព័ន្ធ ដើម្បីផ្ទៀងផ្ទាត់ភ្ញៀវចេញ-ចូល ហើយនគរបាលមូលដ្ឋានអាចឆែកមើលថាក្នុងមូលដ្ឋានមានភ្ញៀវប៉ុន្មាននាក់ ស្នាក់នៅគោលដៅណាមួយ។
សូមជម្រាបជូនថា ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា (FPCS) នេះជាកម្មវិធីApp ដែលអាចប្រើប្រាស់តាមរយៈទូរសព្ទ, Tablet ឬកុំព្យូទ័រ ដោយគ្រាន់តែធ្វើការស្កេនលើលិខិតឆ្លងដែន ហើយម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្មអាចតំឡើងកម្មវិធីនេះបានដោយងាយស្រួល។ ព្រមជាមួយគ្នានេះ ដើម្បីសម្រួលនិងជំនួយដល់ការប្រើប្រាស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានរៀបចំជាមេរៀនខ្លីៗ ស្ដីពីរបៀបតំឡើង ក៏ដូចជារបៀបប្រើប្រាស់កម្មវិធីជា៣ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនផងដែរ៕ដោយ ៖ អេង ប៊ូឆេង