កំពង់ឆ្នាំង៖ក្នុងឱកាសចុះពិនិត្យមើលការដាំដុះស្លឹកខ្ទឹម និងបន្លែចំរុះរបស់បងប្អូនសហគមន៍ នៅក្នុងស្រុករលាប្អៀរ និងការចញ្ចឹមត្រី នៅក្នុងស្រុកជលគិរីកាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានលើកឡើងថា ក្នុងករណីបងប្អូនមានតម្រូវការឥណទាន ដើម្បីពង្រីកការដាំដុះ និងចញ្ចឹម បងប្អូនអាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន។
លោក កៅ ថាច បានបន្តលើកទឹកចិត្តដល់បងប្អូនសហគមន៍ ពង្រីកការដាំដុះអោយបានច្រើន ដើម្បីធ្វើការផ្គត់ផ្គង់ចូលទីផ្សារអោយបានជានិរន្ត។
លោកបញ្ជាក់ថា “ដោយឡែកក្នុងករណីបងប្អូនមានតម្រូវការឥណទាន ដើម្បីពង្រីកការដាំដុះ និងចញ្ចឹម បងប្អូនអាចទាក់ទងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន”។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២១ ខែកក្កដា លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានបន្តចុះបេសកកម្មខេត្តទី១៨ ដើម្បីផ្សព្វផ្សាយគោលការណ៍ឥណទាន ក្រោមកម្មវិធីហិញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន៥០លានដុល្លារអាមេរិក ជូនដល់បងប្អូនប្រជាសហគមន៍ចញ្ចឹមសត្វ ចញ្ចឹមត្រី ដាំដុះបន្លែ និង ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ក្នុងខេត្តកំពង់ឆ្នាំង ដើម្បី ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាល ដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួនកើតចេញពីជំងឺឆ្លង COVID-19នេះ៕