ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានក្រើនរំលឹកឲ្យអាជ្ញាធរគ្រប់ខណ្ឌទាំងអស់ ត្រូវបន្តចុះតាមដាននិង ត្រួតពិនិត្យជាប់ជាប្រចាំក្រែងមានក្លឹបកម្សាន្តខារ៉ាអូខេណា មិនបានគោរពតាមវិធានណែនាំរបស់រាជរដ្ឋាភិបាល។
កាលពីពេលថ្មីៗនេះ អាជ្ញាធរបានចុះបិទខារ៉ាអូខេមួយចំនួននៅក្នុងរាជធានីភ្នំពេញ ដោយហេតុមិនបានគោរពតាមវិធាន ណែនាំរបស់រាជរដ្ឋាភិបាលដែលបាន ឲ្យប្រែក្លាយខារ៉ាអូខេ ទៅជាភោជនីយដ្ឋាន។
ឱកាសអញ្ជេីញត្រួតពិនិត្យកម្លាំងអន្តរាគមន៍មកពីបណ្តាអធិការខណ្ឌទាំង១៤ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ឯក ស ថេតបានថ្លែងថា “តាមបណ្តាខណ្ឌទាំងអស់ត្រូវតែបន្តតាមដាន និងចុះត្រួតពិនិត្យឲ្យបានជាប្រចាំ តាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ ទាំងអស់ត្រូវតែកែសម្រួលទៅជាភោជនីយដ្ឋាន ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីប្រកាសណែនាំរបស់សាលារាជធានីភ្នំពេញ “។
ជាមួយគ្នានោះលោកក៏បានណែនាំដល់ កងកម្លាំងទាំងអស់ ត្រូវចូលរួមគោរពតាមការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ដោយត្រូវពាក់ម៉ាស់ជាប្រចាំ និងលាងដៃជាមួយសាប៊ូ ឬទឹកអាល់ឲ្យបានញឹកញាប់ ។
លើសពីនេះទៀតលោកស្នងការ ក៏បានណែនាំដល់ស្នងការរង អធិការខណ្ឌទាំង១៤ ត្រូវតែបន្តចុះត្រួតពិនិត្យ និងគ្រប់គ្រងកម្លាំងអន្តរាគមន៍ឲ្យបានល្អ ដោយមានការហ្វឹកហាត់ជាប្រចាំ មានការប្រជុំជួរត្រួតពិនិត្យការស្លៀកពាក់ និងសម្ភារ:ប្រេីប្រាស់ផ្សេងៗទៀត ។
លោកសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងអន្តរាគមន៍ត្រូវតែប្រចាំការ ២៤ម៉ោងលេី២៤ម៉ោង ដោយត្រូវចេញល្បាតជាប្រចាំ ដេីម្បីធានាការពារសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ជាពិសេសការពារថ្នាក់ដឹកនាំ គណ:ប្រតិភូជាតិ និងអន្តរជាតិជាដើម៕ដោយ៖ធី លីថូ