ព័ត៌មានជាតិ

វិភាគ: អាមេរិកវ៉ៃចិនមួយដៃ និងគ្រោងទៅលួងលោម ចិនដល់ផ្ទះនៅចុងឆ្នាំនេះ

បច្ចុប្បន្នភាព

រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក លោក Mark Esper បានប្រកាសកាលពីថ្ងៃពុធ ទី២២ ខែកក្កដានេះ ក្នុងសន្និសីទព័ត៌មានមួយដែលរៀបចំឡើង ដោយវិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្ត្រថា លោកអាចនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ ប្រទេសចិននៅចុងឆ្នាំនេះ ។

លោក Mark Esper មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ ក្នុងដំណើរទស្សនកិច្ចនេះទេ ដោយគ្រាន់តែនិយាយថានៅ ចុងឆ្នាំ២០២០នេះ ដោយមានបំណងរៀបចំត្រួសត្រាយផ្លូវអោយមានទំនាក់ទំនងល្អប្រសើរ រវាងកងទ័ពអាមេរិក និងកងទ័ពរបស់ ប្រទេសចិន ។

លោក Mark Esper ដែលបានលើកឡើងពីគម្រោងដំណើរ ទស្សនកិច្ចទៅកាន់ប្រទេសចិននេះ ត្រូវបានអ្នកជំនាញខាងនយោបាយ អន្តរជាតិសន្និដ្ឋានថា អាមេរិកមានគម្រោងទៅលួងលោមចិនដល់ផ្ទះតែម្តង ក្រោយពីបានវាយចិនមួយដៃយ៉ាងដំណំនៅសប្តាហ៍នេះ ។

ដែលថា អាមេរិវាយចិនមួយដៃយ៉ាងដំណំនោះ គឺរដ្ឋាភិបាលអាមេរិកបានប្រាប់ទៅភាគីចិន កាលពីថ្ងៃអង្គារ ទី២១ ខែកក្កដានេះ អោយបិទទ្វារស្ថានកុងស៊ុលរបស់ខ្លួនប្រចាំនៅទីក្រុង ហូស្តុន រដ្ឋតិចសាស សហរដ្ឋអាមេរិកជាបន្ទាន់ក្នុងរយៈពេល៣ថ្ងៃ ។

អាមេរិកទុកពេលតែ៣ថ្ងៃអោយស្ថានកុងស៊ុលចិន បិទទ្វារជាបន្ទាន់នេះ គឺជាបទបញ្ជាអោយបិទទ្វារស្ថានកុងស៊ុល យ៉ាងតក់ក្រហល់បំផុត ដែលធ្វើអោយភាគីចិនច្រឡោតខឹងយ៉ាងខ្លាំង ដោយចោទប្រកាន់សហរដ្ឋអាមេរិក ពីបទបង្ករឿងជាមួយចិនទាំងងងើល ។

ប្រតិកម្មតបទៅនឹងការបង្ខំអោយបិទស្ថានកុងស៊ុលចិន នៅអាមេរិកនេះដែរ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេស របស់ប្រទេសចិន បានចោទប្រកាន់មេដឹកនាំរបស់សហរដ្ឋអាមេរិកពីបទព្យាយាម បង្ករឿងជាមួយប្រទេសចិនដោយមិនមានហេតុផល ។

ក្រោយពីសន្និសីទសារព័ត៌មាន លោក Wang Wenbin បានផ្ញើលិខិតទៅកាន់និស្សិតជនជាតិចិនទាំងអស់នៅសហរដ្ឋអាមេរិក អោយបង្កើនការប្រុងប្រយ័ត្នពីការចាប់ខ្លួនពីកងម្លាំងរដ្ឋាភិបាលអាមេរិកយកទៅសួរចម្លើយ ដែលអាចអាមេរិកកំពុងស៊ើបអង្កេតរឿងអ្វីមួយ ។

លោក Mark Esper បានលើកឡើងថា លោកចង់បង្កើតឲ្យមាន បណ្តាញទំនាក់ទំនងគ្នារវាងកងទ័ពរបស់ប្រទេសទាំង២ ព្រោះវាជាប្រយោជន៍ទាំងអស់គ្នា ដោយសហរដ្ឋអាមេរិក គ្មានចេតនាណាមួយ រករឿងបង្កជម្លោះជាមួយចិននោះទេ។

អ្នកជំនាញផ្នែកទំនាក់ទំនង អន្តរជាតិបានលើកឡើងថា គម្រោងធ្វើដំណើរទៅកាន់ប្រទេសចិនរបស់លោក Mark Esper គ្រាន់តែជាចេតនាសម្រាលភាពតានតឹង ជាមួយចិន និងធ្វើយ៉ាងណាបញ្ចៀសការប៉ះទង្គិចគ្នាជាយថា ហេតុរវាងកងទ័ពប្រទេសទាំង២តែប៉ុណ្ណោះ ។

លោក Mark Esper បានបញ្ជាក់ថា កងទ័ពចិន និងអាមេរិក ត្រូវតែមានបណ្តាញទំនាក់ទំនងគ្នានៅពេលខាងមុខដើម្បីកាត់បន្ថយគ្រោះថ្នាក់ ដែលអាចកើតឡើងដោយសារការបះទង្គិចគ្នាដោយអាវុធ នៅក្នុងតំបន់ចិនខាងត្បូង ខណៈចិនកំពុងពង្រីកឥទ្ធិពល ។

កាលពីថ្ងៃទី​១ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០នេះ ចិនបានធ្វើសមយុទ្ធយោធានៅក្នុងសមុទ្រចិនខាងត្បូងក្បែរប្រជុំកោះ Paracels ដែលទង្វើនេះបានធ្វើឲ្យសហរដ្ឋអាមេរិក មានប្រតិកម្មភ្លាម ដោយបង្ហាញពីការ មិនពេញចិត្តចំពោះសមយុទ្ធយោធារបស់ចិន ។

អាមេរិកបានបញ្ជូននាវាចម្បាំងពីរគ្រឿងគឺនាវា Ronald Reagan និង នាវា Nimitz ទៅក្បែរតំបន់នោះ ដើម្បីកញើញចិន ប៉ុន្តែចិនហាក់មិនញញើតនឹងការកំញើញពីអាមេរិកនេះទេ ដោយនៅតែបន្តធ្វើសមយុទ្ធយោធានៅលើដែនសមុទ្រចិខាងត្បូងដដែល ។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក បានលើកឡើងថា ដើម្បីបញ្ចៀសការយល់ច្រឡំដែលអាចឈាន ទៅដល់ការប៉ះទង្គិចគ្នាដោយប្រការណាមួយ គឺវាជារឿងចាំបាច់ណាស់ ដែលកងទ័ពប្រទេសទាំង២ ត្រូវតែមានបណ្តាញទំនាក់ទំនងគ្នា ។

ដើមចមនាំអោយកើតរឿង

ដើមចមនាំអោយកើតរឿង គឺដោយសារអាមេរិកមិនយល់ស្រប នឹងសកម្មភាពមិនគប្បីរបស់ចិនជា បន្តបន្ទាប់នៅក្នុងសមុទ្រចិនខាងត្បូង ដែលអាមេរិកបានអះអាងថា ចិនគ្មានសិទ្ធិអាងយ៉ាង និងវាទទីយកដែនទឹក ក្នុងតំបន់នេះជារបស់ខ្លួនតែម្នាក់ឯងនោះទេ ។

កាលពីថ្ងៃទី១៣ ខែកក្កដាដដែលនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយថា អ្វីដែលចិនទាមទារនៅក្នុងសមុទ្រចិនខាងត្បូង គឺជារឿងខុសច្បាប់ដែលអាមេរិកត្រូវតែការពារមិន អោយចិនយកដែនទឹកអន្តរជាតិជាកម្មសិទ្ធិតែម្នាក់ឯងទេ ។

លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបានសង្កត់ធ្ងន់ថា តុលាការអន្តរជាតិក្រុងឡាអេ បានសម្រេចច្បាស់ហើយកាលពីឆ្នាំ២០១៦ ថាចិនគ្មានអំណះអំណាងគតិយុត្តិណាមួយមកសំអាងថាខ្លួនជា ម្ចាស់កម្មសិទ្ធិតាំងតែពីបរមបុរាណ នៅលើតំបន់នេះទាំងស្រុងទេ ។

ចំណែកលោកJohnathan Hoffmanអ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកបាន​បញ្ជាក់ថា បទដ្ឋានច្បាប់អន្តរជាតិមានជាធរមានយូរហើយ ដែលការពិតគឺចិនខ្លួនឯងក៏បានទទួលផលច្រើនលើសនរណាៗទាំងអស់ជាមួយនឹងច្បាប់វិធានអន្តរជាតិនេះ ។

សន្និដ្ឋាន៖ តើចិន និងអាមេរិកអាចប៉ះទង្គិចគ្នាដោយអាវុធទេនៅពេលខាងមុខ?

អ្នកជំនាញខាងភូមិសាស្ត្រនយោបាយ បានលើកឡើងថា ប្រទេសចិន និងសហរដ្ឋអាមេរិក មិនអាចប៉ះទង្គិចគ្នាដោយអាវុធនោះទេ ទោះបីជាកងកម្លាំងយោធារបស់ប្រទេសទាំងពីរមានការប៉ះទង្គិចគ្នាដោយពាក្យសម្តី និងគំរាមកំហែងគ្នាទៅវិញទៅមកក៏ដោយ ។

មូលហេតុដែលកងទ័ពរបស់ប្រទេសទាំងពីមិន អាចប៉ះទង្គិចគ្នាដោយអាវុធនៅពេលខាងមុខ គឺដោយសារប្រទេសទាំងខ្លាច ខាតប្រយោជន៍រៀងៗខ្លួន ដោយសារអាមេរិកជាមហាអំណាចលេខ១ខាងសេដ្ឋកិច្ច ហើយចិនក៏ជាមហាអំណាចលេខ២ខាងសេដ្ឋកិច្ចដែរ ។

បើនិយាយពីសព្វាវុធវិញ ទាំងប្រទេសចិន និងសហរអាមេរិក សុទ្ធសឹងជាប្រទេសមហាអំណាចនុយក្លេអ៊ែរដូចគ្នា ដោយប្រទេសទាំងពីរមិនអាចធ្វើសង្គ្រាមជាមួយគ្នាបានទេ ហើយបើមានសង្គ្រាមប្រទេសទាំងពីរលែងជាមហាអំណាចហើយ ។

ផលប៉ះពាល់

ផលប៉ះពាល់នៅពេលខាងមុខ ដែលកើតចេញពីភាព តានតឹងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកនេះ បានធ្វើអោយប៉ះពាល់ច្រើនណាស់ ដល់ពិភពលោក ទាំងនៅក្នុងតំបន់ និងទាំង នៅក្រៅតំបន់ ដោយឥទ្ធិពលនៃជម្លោះនេះ ។

ផលប៉ះពាល់ទី១គឺលើផ្នែកសេដ្ឋកិច្ចដោយ សារប្រទេសទាំងពីរជាមហាអំណាចសេដ្ឋកិច្ចដូចគ្នា ផលប៉ះពាល់ទី២គឺទំនាក់ទំនងអន្តរជាតិ ដោយអាមេរិកមានប្រទេសសម្ព័ន្ធមិត្តច្រើន នៅជុំវិញពិភពលោក ប៉ុន្តែចិនក៏មានសម្ព័ន្ធមិត្តមិនតិចដែរ ។អ៊ី ជិន

To Top