Covid-19

បារាំង ផ្តល់ជំនួយជិត ២លានដុល្លារ ដើម្បីចូលរួមស្តារ វិស័យទេសចរណ៍កម្ពុជាឡើងវិញ ក្រោយវិបត្តិកូវីដ១៩

ភ្នំពេញ៖ រដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១.៥លានអឺរ៉ូ (ប្រមាណ១.៧លានដុល្លារ) ដើម្បីចូលរួមស្តារឡើងវិញ នូវវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិ Covid-19 ។ នេះបើយោងតាម ក្រសួងទេសចរណ៍ ។

សូម រំលឹក ថាវិស័យទេសចរណ៍ បានរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ អំឡុងពេលរីករាលដាលជំងឺកូវីដ១៩ ដោយសារតែការបាត់បង់ នូវភ្ញៀវបរទេសមកកម្ពុជា រួមទាំងការផ្អាកជើងហោះហើរ ចេញពីបណ្តាប្រទេសមួយចំនួន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ។

ក្នុងជំនួបពិភាក្សាការងារលើ គម្រោងស្តារឡើងវិញ ក្នុងវិស័យទេសចរណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ១៩ រវាងក្រសួងទេសចរណ៍ និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) លោក ណេប សាមុត អគ្គនាយកគ្រប់គ្រង​ ឧស្សាហកម្មទេសចរណ៍ និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិវាយតម្លៃ ទីក្រុងស្អាតនៃក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានឯកភាពគ្នាប្រើប្រាស់ហិរញ្ញប្បទាន ១.៥លានអឺរ៉ូ ក្រោមគម្រោងពង្រឹង សមត្ថភាពក្នុងវិស័យទេសចរណ៍ (២០២០-២០២៣) ដើម្បីចូលរួមអនុវត្តផែនទី ចង្អុលផ្លូវស្តារឡើងវិញ លើវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិនៃជំងឺកូវីដ១៩។

ជំនួបពិភាក្សាការងារនេះធ្វើឡើង នៅទីស្តីការក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដឹកនាំដោយលោកស្រី Ophelie BOURHIS ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា និងមានការចូលរួមពីអាជីវករទេសចរណ៍ ជាជនជាតិបារាំងនៅកម្ពុជាផងដែរ។

នៅក្នុងឱកាសនោះភាគីទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នាលើ ការដាក់ចេញវិធានការគាំទ្រ វិស័យទេសចរណ៍កម្ពុជា ក្នុងដំណាក់កាលជំងឺកូវីដ១៩ និងចាប់ផ្តើមពីការអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍ ការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដើម្បីធានាថា កម្ពុជាជាគោលដៅទេសចរណ៍គុណភាព និងកក់ក្តៅសម្រាប់ភ្ញៀវទេសចរ និងបាន ពិភាក្សាបន្ថែមអំពីធាតុចូល (Inputs) សម្រាប់ការរៀបចំផែនទី ចង្អុលផ្លូវសម្រាប់ត្រៀមស្តារឡើងវិញ នៃកំណើនទេសចរណ៍ ឆ្នាំ២០២០-២០២៣ ផងដែរ។

លោក ណេប សាមុត បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះដែរ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានគាំទ្រក្នុងការប្រើប្រាស់គម្រោង ហិរញ្ញប្បទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ បារាំងពង្រឹងស្តារឡើងវិញក្នុង វិស័យទេសចរណ៍ក្រោមហិរញ្ញប្បទាន ១,៥ លានអ៊ឺរ៉ូ របស់ខ្លួន នឹងប្រើប្រាស់លើ គម្រោងសកម្មភាពចំនួន២៤ គម្រោងសម្រាប់ ចូលរួមផែនការស្តារឡើងវិញក្នុង និងក្រោយវិបត្តិកូវីដ១៩ ឱ្យមានភាពល្អប្រសើរឡើងវិញ។

សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទាំង២៤នេះ មានធាតុចូលសំខាន់ៗចំនួន៣ ដែលមានដូចជា៖ ការជួយពង្រឹងអភិបាលកិច្ច ក្នុងវិស័យទេសចរណ៍ ដែលមានការជួយ ពង្រឹងសមត្ថភាព ពង្រឹងរចនាសម្ព័ន្ធវិស័យឯកជន នៅក្នុងឧស្សាហកម្មទេសចរណ៍ , ការជួយពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាដៃគូរដ្ឋនិងឯកជន, ការជួយរៀបចំគម្រោងចាំបាច់ ដើម្បីជួយរៀបចំវិស័យទេសចរណ៍ គម្រោងជួយគាំទ្រផ្នែកសិក្សាទីផ្សារ និងផ្សព្វផ្សាយគម្រោង ជួយអេកូទេសចរណ៍ ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍ទីក្រុង ៕

To Top