ព័ត៌មានជាតិ

កម្ពុជានៅតែបន្ដ ទទួលរងឥទ្ធិពលចរាចរឆ្លងកាត់ និងហូរចូលគ្រឿងញៀន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់សារជាថ្មីថា កម្ពុជានៅតែបន្ដទទួលរង នូវឥទ្ធិពលដ៏អាក្រក់ និងការគំរាមកំហែង ពីចរាចរឆ្លងកាត់ និងការហូរចូលគ្រឿងញៀន ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ជាដើម។

ក្នុងប្រជុំស្ដីពីលទ្ធផលការងារ ត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២០ លោក កែ គឹមយ៉ាន មានប្រសាសន៍ថា «ក្នុងស្ថានភាព ដែលការផលិតចរាចរជួញដូរគ្រឿងញៀនលើ ពិភព លោក និងក្នុងតំបន់ នៅតែមានការប្រែប្រួល កើនឡើងឥតឈប់ឈរ ល្បិចកលលួចលាក់ ធ្វើសកម្មភាពរបស់ក្រុមឧក្រិដ្ឋជន កាន់តែស្មុគស្មាញ ធ្វើឲ្យកម្ពុជាយើង នៅតែបន្ដទទួលរង នូវឥទ្ធិពលដ៏អាក្រក់ និងការគំរាមកំហែង ពីចរាចរឆ្លងកាត់ និងហូរចូលគ្រឿងញឿន ទាំងតាមផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និងតាមបញ្ញើប្រៃសណីយ៍ រួមទាំងការប៉ុនប៉ង ផលិតច្នៃគ្រឿងញៀន និងការរីករាលដាល នៃការប្រើប្រាស់គ្រឿងញៀន ពីទីប្រជុំជនដល់តំបន់ដាច់ស្រយ៉ាល»។

លោកបញ្ជាក់ថា ជាក់ស្ដែងក្នុងឆមាសទី១ ឆ្នាំ២០២០នេះ ទន្ទឹមនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការទប់ស្កាត់ការឆ្លងរាតត្បាត ពីជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល ការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ត្រូវបានចាត់តាំងអនុវត្ត យ៉ាងសកម្មនូវវិធានការ គន្លឹះទាំង៥ ទទួលបានលទ្ធផល គួរឲ្យកត់សម្គាល់។

លោកក៏បានលើកឡើងទៀតថា «ទាំងអស់នេះ បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា បើទោះបីជាអាជ្ញាធរគ្រឿងញៀន បានខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏នៅតែបន្ដប្រឈម នឹងបញ្ហាជាសត្យានុម័ត និងថ្មីៗថែមទៀត ដែលទាមទារ ឲ្យត្រូវខិតខំប្រឹងប្រែងជាបន្ដទៀត៕ ដោយ៖ អេង ប៊ូឆេង

To Top