ព័ត៌មានជាតិ

អភិបាល ខេត្តកំពង់ចាម ដាក់ចេញវិធានការ ក្តៅគគុក ដើម្បីរៀបចំសណ្តាប់ធ្នាប់ ទីប្រជុំជនផ្សារផ្អាវ

កំពង់ចាម ៖ ដោយសារកន្លងទៅ នៅទីប្រជុំជនផ្សារផ្អាវ មានការលក់ដូរ គ្មានសណ្តាប់ធ្នាប់ ទើបនៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២០នេះ អភិបាល ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបើកកិច្ចប្រជុំ ជាមួយមន្ត្រីពាក់ព័ន្ធ និងគណៈអាជីវករផ្សារផ្អាវ ដើម្បីរកវិធានការ រៀបចំសណ្តាប់ធ្នាប់ ទីប្រជុំជនផ្សារនោះ អោយមានសណ្តាប់ធ្នាប់ ល្អឡើងវិញ ។

តាមអភិបាលស្រុកបាធាយ លោក ផេន សុផល អោយដឹងថា នៅក្នុងផ្សារផ្អាវ មានជាង ២០០ តូប ដោយឡែកនៅផ្នែកខាងក្រៅផ្សារ ជាប់នឹងដងផ្លូវលេខ៦ នឹងផ្លូវសម្ដេចតេជោ មានជាង ៥០ គ្រែលក់មុខផ្សារ និងក្រោយ ១០ផ្ទះ និង កន្លែងលក់ត្រី មាន ១៥០ កន្លែង ។ ហើយកន្លែងលក់ ដែលបង្ករភាពអណាធិបតេយ្យ គឺមានជាង ១០០ កន្លែង អមសងខាងផ្លូវ សម្តេចតេជោ ខាងកើត និងខាងលិច ។ ចំណែកជាប់ផ្លូវលេខ៦ មានជាង ៨០ កន្លែង ដែលក្នុងនោះមានការធ្វើសំយ៉ាបខិតមកថ្នល់ ដែលបង្ករឲ្យមានការបាត់សោភ័ណភាព នៅទីប្រជុំជនផ្សារនេះផងដែរ ។

បន្ទាប់ពីបានពិភាក្សាលើបញ្ហាខាងលើ ថ្វីត្បិតតែមានភាពស្មុគស្មាញច្រើន ប៉ុន្តែអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានដាក់ចេញវិធានការ អោយលោក អភិបាលរងខេត្ត លោក អ៊ុភឿន គុណវុឌ្ឍ ដឹកនាំក្រុមការងារ បើកប្រតិបត្តិការចាប់ពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២០ តទៅ ដើម្បីដោះស្រាយរៀបចំសណ្តាប់ធ្នាប់ផ្សារនេះ អោយបានចប់សព្វគ្រប់មុនពេលឆ្លងឆ្នោំ២០២០នេះ។

To Top