ព័ត៌មានជាតិ

អាជ្ញាធរ នឹងចាត់វិធានការ ចំពោះក្រុមហ៊ុនដឹកជញ្ជូន ដែលមានអ្នកបើកបរ ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន មានប្រសាសន៍ថា អាជ្ញាធរនឹងមានវិធានការ ចំពោះក្រុម ហ៊ុនដឹកជញ្ជូន ប្រសិនបើអ្នកបើកបរពាក់ព័ន្ធ ទៅនឹងគ្រឿងញៀន ពីព្រោះគ្រឿងញៀន ក៏បង្កគ្រោះថ្នាក់ចរាចណ៍ផងដែរ ។

ក្រោយបញ្ចប់កិច្ចប្រជុំស្ដីពី លទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ប្រចាំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២០ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក កែ គឹមយ៉ាន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ករណីពិនិត្យទឹកនោម អ្នកបើកបរ ដើម្បីរកសារធាតុញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន មិនអាចធ្វើម្នាក់ឯកបានឡើយ ត្រូវមានការចូលរួមពី ក្រសួង ឬស្ថាប័នពាក់ព័ន្ធ ដើម្បីពន្យល់ និងអប់រំ អំពីហានិភ័យនៃការប្រើប្រាស់គ្រឿង ។

លោក មានប្រសាសន៍ថា «យើងត្រូវគ្រប់គ្រងក្រុមហ៊ុនដឹកជញ្ជូន និងសាលារៀនបើកបរត្រូវ មានការតឹងតែបំផុត ឬមានវិធានការផាកពិន័យក្រុមហ៊ុនណា (ក្រុមហ៊ុនដឹកជញ្ជូន) ដែលមានចំនួនអ្នក បើកបរប្រើប្រាស់គ្រឿងញៀនច្រើន»។

ឆ្លៀតឱកាសនោះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានអំពាវនាវទៅដល់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស មាតា-បិតា ត្រូវតាមដានកូនចៅរបស់ខ្លួន ក្រែងពួកគាត់ពាក់ព័ន្ធទៅនឹងគ្រឿងញៀន បើសិនពួកគាត់ពាក់ព័ន្ធគ្រឿងញៀន ត្រូវនាំពួកគាត់ទៅមន្ទីរពេទ្យ ដើម្បីពិនិត្យនិងមានវិធានបន្ដទៀត។

លោកក៏បានស្នើឲ្យ ក្រសួងសុខាភិបាល នៅពេលចុះពន្យល់ប្រជាពលរដ្ឋអំពីប្រយុទ្ធប្រឆាំង ទៅនឹងជំងឺកូវីដ-១៩ ក៏ត្រូវពន្យល់ប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿង ពីព្រោះគ្រឿងញៀននាំឲ្យខាតបង់ថវិកានៅក្នុងក្រុមគ្រួសារផងដែរ។

សូមរំលឹកថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេស បានចំនួន៥.៤៦៣ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១០.៨៧៧នាក់ ហើយបានចាប់យកគ្រឿងញៀន ចំនួន២៦១គីឡូក្រាម៕ដោយ៖ អេង ប៊ូឆេង

To Top