ព័ត៌មានជាតិ

ស្ពានអាកាសថ្មើរ ជើងស្តុបផ្សារដើមគរ ត្រូវបានសាងសង់រួចរាល់ និងដាក់សម្ពោធ​ ឲ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ ក្រោយពីសាងសង់រួចរាល់ជាស្ថាពរ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យប្រើប្រាស់​ ស្ពានអាកាសថ្មើរជើង ស្តុបផ្សារដើមគរ ដើម្បីឲ្យប្រជាពលរដ្ឋ ងាយស្រួលក្នុងការឆ្លងថ្នល់ និងមិនប្រឈមគ្រោះថ្នាក់​ កើតឡើងជាយថាហេតុ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការដាក់ឲ្យដំណើរ ការស្ពានអាកាសថ្មើរជើងថ្មីនេះ គឺជាសមិទ្ធផលមួយ ក្នុងយុគ្គសម័យ កូវីដ១៩ ដែលជាអំណោយ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួល ដល់ការធ្វើចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

លោកអភិបាល រាជធានីភ្នំពេញ បានបន្តថា ការសាងសង់ ស្ពានអាកាសថ្មើរជើងនេះ និងជួយកាត់បន្ថយហានិភ័យ​ នៃការដើរឆ្លងផ្លូវ កាត់បន្ថយការកស្ទះចរាចរណ៍ សម្រួលលំហូចរាចរណ៍ និងលើកកម្ពស់ សោភ័ណភាព រាជធានីភ្នំពេញ ឲ្យកាន់តែស្រស់បំព្រង ។

លោកស្រី អៀង ចាន់ធី ប្រជាពលរដ្ឋ​​ នៅម្តុំផ្សារដើមគរ បានលើកឡើងថា ការសាងសង់ស្ពាននេះ បានធ្វើឲ្យប្រជាពលរដ្ឋ​​ ងាយស្រួល​ ក្នុងការធ្វើដំណើរ និងអាចកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍បានផងដែរ ។ បើសិនជារាជរដ្ឋាភិបាល មានថវិកា គ្រប់គ្រាន់ អាចសាងសង់ស្ពានអាកាស មានជណ្តើយន្តទៀត នឹងកាន់តែល្អ នឹងជួយសម្រួលការលំបាក របស់មនុស្សចាស់ ដែលពិបាកឡើងស្ពាន ជាពិសេសនោះ ជនពិការ ដែលត្រូវការរុញរទេះ ។

សូមបញ្ជាក់ថា ស្ពានអាកាសថ្មើរជើងផ្សារដើមគរ នៅលើមហាវិថីម៉ៅសេទុង បានបើកការដ្ឋាន កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ ដែលម៉ៅការសាងសង់ ដោយក្រុមហ៊ុន Space Media ប្រើប្រាស់រយៈពេល​ សាងសង់៧ខែ ដើម្បីផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សឆ្លងកាត់ ដោយថ្មើរជើង ទៅមកសាលារៀន និងបញ្ចៀសគ្រោះថ្នាក់ ជាយថាហេតុ ។ ស្ពានអាកាសផ្សារដើមគរនេះ មានបណ្តោយ ២៨ ម៉ែត្រ ទទឹង ៣,៤ម៉ែត្រ ទទឹងផ្លូវដើរ ផ្នែកខាងក្នុង ២,៨ម៉ែត្រ កម្ពស់៥.៥ម៉ែត្រ៕

To Top