ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺ ចំនួន២ខ្សែ នៅក្នុងមូលដ្ឋាន ខណ្ឌទួលគោក រាជធានីភ្នំពេញ អនុវត្តដោយក្រុមហ៊ុនL N S k ខនស្ត្រាក់សិន ដើម្បីសម្រួលចរាចរណ៍ ឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរ មានភាពងាយស្រួល និងជាការលើកសោភ័ណភាព រាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរផងដែរ ។
ការសម្រេច ឲ្យមានការអ៊ុតកៅស៊ូបេទីមីណឺ ខាងលើនេះ ធ្វើឡើងខណៈដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ខណ្ឌទួលគោក ចុះពិនិត្យមើលស្ថានភាព ផ្លូវទាំងពីរខ្សែនេះ កាលពីព្រឹកថ្ងៃទី២៤ កក្កដា ឆ្នាំ២០២០ ពោលគឺក្រោយពីលោកអភិបាលរាជធានី បញ្ចប់ពិធីបើកសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវស្ពានអាកាសថ្មើជើង ក្នុងសង្កាត់ផ្សារដើមគរ ជាប់ព្រំប្រទល់ សង្កាត់បឹងសាលាខណ្ឌទួលគោក រាជធានីភ្នំពេញ។
កំណាត់ផ្លូវទាំង២ខ្សែ ដែលគ្រោងនឹងអ៊ុតកៅស៊ូបេទីមីណឺនេះ រួមមានផ្លូវលេខ១៨៦ និងផ្លូវលេខ២៤៧ នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។
ខណៈចុះពិនិត្យមើលស្ថានភាពផ្លូវ ទាំង២ខ្សែនេះ លោក ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការអ៊ុតកៅស៊ូ លើបណ្ដោយផ្លូវ២ខ្សែ ក្នុងនោះមានផ្លូវលេខ១៨៦ និងផ្លូវលេខ២៤៧
ដោយអ៊ុត ជាប្រភេទកៅស៊ូបេទីមីណឺ ក្នុងនោះសម្រាប់ផ្លូវ២៤៧ គឺចាប់ផ្ដើមពីផ្លូវលេខ១៨៦ ដល់មុខសាលាបឋមសិក្សាទឹកល្អក់ ។ ចំណែកផ្លូវលេខ១៨៦
វិញនិងអ៊ុត ចាប់ពីផ្លូវលេខ២៤៧ ដល់ ២៦១ ។
ការអ៊ុតកៅស៊ូផ្លូវទាំងពីរខាងលើនេះ គឺដើម្បីកាត់បន្ថយ នូវការកកស្ទះចរាចរណ៍ ការសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ អោយមានភាពងាយស្រួល ហើយក៏ជាការលើកសោភ័ណភាព រាជធានីភ្នំពេញ ឲ្យមានភាពស្រស់ស្អាតផងដែរ៕




