ព័ត៌មានជាតិ

ប្រមុខសាធារណរដ្ឋ Chechen របស់ប្រទេសរុស្ស៊ី ដាក់ទណ្ឌកម្មទៅលើ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ហើយថា «Pompeo យើងទទួលយកការប្រយុទ្ធនេះ»

មូស្គូ៖ ប្រមុខនៃសាធារណរដ្ឋ Chechen របស់ប្រទេសរុស្ស៊ី គឺលោក Ramzan Kadyrov នៅថ្ងៃសុក្រ បានដាក់ទណ្ឌកម្មក្នុងតំបន់ទៅលើ រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បន្ទាប់ពីលោក និងក្រុមគ្រួសារ ត្រូវបានដាក់ក្នុងបញ្ជីខ្មៅ របស់អាមេរិក។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Kadyrov បានថ្លែងនៅក្នុងកិច្ចប្រជុំ តាមកញ្ចក់ទូរទស្សន៍ ជាមួយសមាជិករដ្ឋាភិបាល Chechen ថា “ខ្ញុំសូមប្រកាសថាលោក Pompeo នឹងត្រូវដាក់បញ្ចូលនៅក្នុងទណ្ឌកម្ម ទាំងអស់ដែលយើងមាន នៅក្នុងសាធារណរដ្ឋនេះ រហូតដល់ការបិទគណនីធនាគារ ទាំងអស់របស់គាត់ (Mike Pompeo) ” ។

លោក Kadyrov បាននិយាយថា លោកមិនយល់ពីមូលហេតុ ដែលសហរដ្ឋអាមេរិក ដាក់ឈ្មោះកូនស្រី និងភរិយារបស់លោកផងដែរ ពីព្រោះពួកគេមិនពាក់ព័ន្ធនឹង នយោបាយណាមួយឡើយ។

លោក Pompeo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃច័ន្ទថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានដាក់ក្នុងបញ្ជីខ្មៅទៅលើលោក Kadyrov ចំពោះការចូលរួមរបស់លោក ក្នុងការរំលោភសិទ្ធិមនុស្ស សរុបនៅសាធារណរដ្ឋ Chechen រួមទាំងការធ្វើទារុណកម្ម និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ។

លោក Kadyrov បានស៊កសៀតសំដីទៅវិញ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម នូវរូបថតរបស់លោក ជាមួយនឹងកាំភ្លើងយន្តចំនួនពីរដើម ដែលមានការចុះហត្ថលេខា ថា “Pompeo យើងទទួលយកការប្រយុទ្ធនេះ!” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top