ភ្នំពេញ ៖ រដ្ឋាភិបាល សហរដ្ឋអាមេរិក បានប្រកាសផ្ដល់ ជំនួយ១១លានដុល្លារ ដល់កម្ពុជា សម្រាប់ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។ ជាមួយគ្នានោះសហរដ្ឋអាមេរិក ក៏បាន និងកំពុងកៀងគរ ធនធានចាំបាច់ ធ្វើការជាមួយកម្ពុជា ដោះស្រាយវិបត្តិ ផ្នែកសុខភាព សាកលមួយនេះផងដែរ ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៧ កក្កដានេះ បានឲ្យដឹងថា ” សហរដ្ឋអាមេរិក បានរួមចំណែកជាជំនួយ ចំនួន ១១ លានដុល្លារ សម្រាប់ប្រយុទ្ធប្រឆាំង នឹងមេរោគកូវីដ ១៩ នៅប្រទេសកម្ពុជា ។ យើងកំពុងតែកៀងគរ ធនធានចាំបាច់ ហើយធ្វើការជាមួយដៃគូកម្ពុជា របស់យើង ដើម្បីប្រឈមដោះស្រាយ វិបត្តិផ្នែកសុខភាព សាកលនេះ” ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០នេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ២២៥នាក់ (ស្ត្រី ៤៦នាក់ និងបុរស ១៧៩នាក់) ។ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយមានចំនួន ១៤៧នាក់ មានស្រី ៣៩នាក់ និងបុរស ១០៨នាក់ ។ ដោយឡែកអ្នកកំពុងសម្រាក ព្យាបាលមានចំនួន ៧៨នាក់ ៕
