ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ដាក់ចេញផែនការ អភិវឌ្ឍន៍សមត្ថភាព កងកម្លាំងនគរបាលជាតិ ដែលដើរតួនាទីជាកម្លាំងស្នូល ក្នុងការអនុវត្តគោល នយោបាយរាជរដ្ឋាភិបាល ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តផែនការ យុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភា នគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ ដាក់ចេញនូវផែនការ អភិវឌ្ឍន៍សមត្ថភាព កងកម្លាំងនគរបាលជាតិ ដែលដើរតួនាទីជាកម្លាំងសហការ និងជាកម្លាំងស្នូល ក្នុងការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល តាមរយៈការធ្វើទំនើបកម្ម ក្នុងរូបភាព២យ៉ាង រួមមាន៖
ទី១-ការពង្រឹងសមត្ថភាពអង្គភាព បណ្តុះបណ្តាលទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភារ និងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ កងកម្លាំងនគរបាល ឱ្យស្របតាមតម្រូវការ របស់អង្គភាពប្រើប្រាស់កងកម្លាំង បច្ចុប្បន្នភាព នៃសភាពការណ៍សន្តិសុខសង្គម ការកើតឡើងនូវបទល្មើសថ្មីៗ ការរីកចម្រើន នៃបច្ចេកវិទ្យា និងបទល្មើសឆ្លងដែន គ្រប់ប្រភេទ ។
ទី២-ការបំពាក់សម្ភារឧបករណ៍ទំនើបៗ និងមធ្យោបាយគ្រប់គ្រាន់ សម្រាប់គាំទ្រដល់កិច្ចសហប្រតិបត្តិការ និងការបំពេញភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំងនគរបាលជាតិ ។
បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ទៀតថា ការធ្វើទំនើបកម្មកងកម្លាំងនគរបាលជាតិ គឺត្រូវផ្ដើមចេញពីការអភិវឌ្ឍ សមត្ថភាពតាមរយៈការបណ្ដុះបណ្ដាល ព្រោះថាក្នុងសម័យ ទំនើបនេះ មន្រ្តីនគរបាល ក្របខណ្ឌថ្មីមិនអាចទៅបំពេញការងារ ដោយមិនបានឆ្លងកាត់ការ បណ្ដុះបណ្ដាលនោះទេ ពោលគឺមានលក្ខណៈខុសគ្នាពីសម័យ កាលក្រោយរំដោះ ៧មករា ឆ្នាំ១៩៧៩ ដែលកាលនោះ មន្រ្តីនគរបាលក្របខណ្ឌថ្មី ពេលជ្រើសរើសរួចអនុញ្ញាត ឲ្យចូលបម្រើការងារតែម្ដង៕ ដោយ៖ អេង ប៊ូឆេង