កំពង់ចាម ៖ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយអភិបាលរង ខេត្តលោក អ៊ុភឿន គុណវុឌ្ឍ នៅព្រឹកថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធ សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ឃុំផ្អាវ ស្រុកបាធាយ ចាប់ផ្ដើមបើកប្រតិបត្តិការ រៀបចំសណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវ ។
ដូចការគ្រោងទុក ប្រតិបត្តិការនេះ បានចាប់ផ្ដើមអនុវត្ត ក្រោយមានកិច្ចប្រជុំ ដោយអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២០ ពិភាក្សាទៅលើកិច្ចការរៀបចំ សណ្ដាប់ធ្នាប់ទីប្រជុំជនផ្សារផ្អាវ ដោយហេតុថាកន្លងមក នៅតំបន់ទីប្រជុំជនផ្សារផ្អាវនេះ មានការលក់ដូរ រំលោភលើចំណីផ្លូវ និងបង្កភាព អនាធិបតេយ្យ ធ្វើឱ្យមានការកកស្ទះ បាត់បង់សណ្ដាប់ធ្នាប់ ។
តាមអភិបាលស្រុកបាធាយ លោក ផេន សុផល បានឲ្យដឹងថា នៅក្នុងផ្សារផ្អាវ មានជាង ២០០ តូប ដោយឡែកនៅផ្នែក ខាងក្រៅផ្សារ ជាប់នឹងដងផ្លូវលេខ៦ នឹងផ្លូវសម្ដេចតេជោ មានជាង ៥០ គ្រែលក់មុខផ្សារ និងក្រោយ ១០ផ្ទះ និង កន្លែងលក់ត្រី មាន ១៥០ កន្លែង ។ ហើយកន្លែងលក់ ដែលបង្ករភាព អណាធិបតេយ្យ គឺមានជាង ១០០ កន្លែង អមសងខាងផ្លូវ សម្តេចតេជោ ខាងកើត និងខាងលិច ។ ចំណែកជាប់ផ្លូវលេខ៦ មានជាង ៨០ កន្លែង ដែលក្នុងនោះមានការធ្វើសំយ៉ាបខិតមកថ្នល់ ដែលបង្ករឲ្យមានការ បាត់សោភ័ណភាព នៅទីប្រជុំជនផ្សារនេះផងដែរ ។
បន្ទាប់ពីមានការឯកភាព នៅក្នុងអង្គប្រជុំ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់ឲ្យអភិបាលរង ខេត្ត លោក អ៊ុភឿន គុណវុឌ្ឍ ដឹកនាំក្រុមការងារ ចុះប្រតិបត្តិការ ដើម្បីរៀបចំសណ្ដាប់ ធ្នាប់ទីប្រជុំជនផ្សារ ផ្អាវនេះឡើងវិញ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២៧ ខែកក្កដានេះ ក្រុមមន្ត្រីជំនាញនិងអាជ្ញាធរដែនដី បានចុះវាស់វែងដោយកំណត់ យកត្រឹមមាត់លូចូលក្នុងប្រវែង ២ ម៉ែត្រ នៃថ្នល់ជាតិទាំងសងខាង ។ ទន្ទឹមនឹងនោះក្រុមអាជ្ញាធរ បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករ ដែលបានសាងសង់ប៉ះពាល់ លើដីចំណីផ្លូវ នឹងត្រូវឲ្យរៀបចំរួសរើក្នុងរយៈពេល ៣ថ្ងៃ មុនពេលអាជ្ញាធរចុះធ្វើការឈូសឆាយ ។
គួរបញ្ជាក់ផងដែរថា ក្នុងខណៈដែលក្រុមអាជ្ញាធរ ចេញប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់ ទីប្រជុំជនផ្សារផ្អាវនេះ ក៏មានមតិប្រជាពលរដ្ឋ ជាច្រើនបានសាទរ ពេញចិត្តនឹងចំណាត់ការនេះ ដោយពួកគាត់អះអាងថា នឹងអស់កង្វល់រឿងគ្រោះថ្នាក់ចរាចរណ៍ ឬកកស្ទះចរាចរណ៍ នៅក្នុងតំបន់ទីប្រជុំជនផ្សារផ្អាវទៅថ្ងៃមុខ ៕



