ព័ត៌មានជាតិ

សម្ដេច ស ខេង រំពឹងថា អនាគតស្មៀន ឃុំ-សង្កាត់ នឹងមានចំណេះដឹងច្រើន អាចធ្វើចៅហ្វាយខេត្តបាន

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីរំពឹងទុកជាមុនថា នាពេលអនាគតស្មៀន ឃុំ-សង្កាត់ នឹងមានចំណេះដឹងច្រើន អាចធ្វើចៅហ្វាយខេត្តបាន ដោយហេតុថា ពួកគាត់ ដឹងសុខ ដឹងទុក្ខរបស់ប្រជាជន ។

ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលនៃការអនុវត្ត ផែនការយុទ្ធសាស្រ្ត រយៈពេល ៥ឆ្នាំ (២០១៥-២០១៩) និងលើកទិសដៅការងារ សម្រាប់រយៈពេល ៥ឆ្នាំ បន្តរបស់បណ្ឌិត្យសភា នគរបាលកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ សម្ដេច ស ខេង មានប្រសាសន៍ថា «ស្រុក ឃុំ ខ្លាំងហើយ មូលដ្ឋានឃុំនោះ ស្រុកនោះ ខ្លាំងដែលហើយ ។ ហើយអ្នកនៅធ្វើស្មៀនឃុំ ចេះច្រើនអនាគត អាចធ្វើចៅហ្វាខេត្តបាន ឬអាចធំជាងនឹងទៀត ព្រោះគាត់ដឹងជីវភាពផ្ទាល់ របស់ប្រជាជន ការលំបាក់ របស់ប្រជាជន»។

ឆ្លៀតឱកាសនោះ រដ្ឋមន្ដ្រីមហាផ្ទៃ ក៏បានលើកឡើងថា ចង់ធ្វើប៉ុស្តិ៍ប៉ូលីសកន្លែងណាមួយ ត្រូវជ្រើរើសក្មួយៗ ដែលមានសមត្ថភាព កន្លែងណុងមកធ្វើការងារ ដោយសារពួកគាត់ ស្គាល់មូលដ្ឋានខ្លួនឯង យ៉ាងច្បាស់ និងងាយស្រួលធ្វើការងារ ជូនប្រជាពលរដ្ឋផងដែរ។

រដ្ឋមន្ដ្រីមហាផ្ទៃ មានប្រសាសន៍ថា «ចង់ធ្វើប៉ុស្តិ៍ប៉ូលីសកន្លែងណា ត្រូវរើសកូនចៅនៅកន្លែងណុង ព្រោះបទពិសោធន៍ កន្លងមក អ្នកនៅខាងលើទៅផ្ញើ ឧទាហរណ៍ថា ក្របខណ្ឌកន្លែងនោះ ត្រូវការ៥នាក់ ផ្ញើមួយ ឬផ្ញើពីរនាក់ ហើយប៉ូលីសកន្លែងណុង ដល់ពេលប្រឡង់ជាប់ចូលក្របខណ្ឌប៉ូលីស ផ្ទេរទៅកន្លែងផ្សេង ក្រោមហេតុផលថា ដើម្បីដកបទពិសោធន៍ នៅកន្លែងផ្សេង ចឹងប៉ុសិ៍ប៉ូលីសគ្មានអ្នកធ្វើការ ហើយត្រូវពិនិត្យឲ្យបាន ត្រឹមត្រូវបំផុត»។

រដ្ឋមន្ដ្រីមហាផ្ទៃបន្ដថា មន្ដ្រីនគរបាលធ្វើការងារនៅឃុំណា ត្រូវមានដើមកំណើតនៅឃុំនោះ ។ សម្ដេចបន្ថែមថា សព្វថ្ងៃនេះមន្ដ្រី នគរបាលនៅតាមមូលដ្ឋាន ងាយស្រួលរក ព្រោះសព្វថ្ងៃក្មួយៗ មានចំណេះដឹងយ៉ាងណាស់ ។ សម្ដេចរំលឹកថា កាលសម័យមុនប៉ូលីសមួយចំនួន គ្មានចេះអក្សរ ឡើយ ហើយនៅសម័យនោះ រើសប៉ូលីសឲ្យតែបាន គ្មានគិតពីចំណេះឡើយ ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បន្ថែមថា «អ្នកខ្លះរៀនចប់ហើយ មកសុំស័ក្កិ ហើយសុំល្មមៗមិនអីទេ អ្នកខ្លះសុំហួសពេក មួយឆ្នាំឡើងពីរដងក៏មាន តែឲ្យទៅធ្វើការ ធ្វើអត់កើត» ៕

To Top