ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ណែនាំឲ្យមន្ត្រីអង្គភាពជុំវិញខេត្ត ត្រៀមទុកជាមុន សម្រាប់ជួយដល់ប្រជាពលរដ្ឋ ពេលមានគ្រោះមហន្តរាយកើតឡើង

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសៀវភៅផែនការ ត្រៀមបម្រុងឆ្លើយតបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតក្នុងខេត្តកំពង់ចាម នាថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០២០ នេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានធ្វើការណែនាំដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អ្នកពាក់ព័ន្ធ ត្រូវត្រៀមរៀបចំទុកជាមុន ដោយ ប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយកើតឡើង។

លោកអភិបាលខេត្តបានថ្លែងបន្តថា ត្រូវណែនាំដល់ប្រជាពលរដ្ឋ ពីវិធានការត្រៀមបង្ការគ្រោះមហន្តរាយផ្សេងៗ ដែលអាចនឹងកើតមាន និងធ្វើបច្ចុប្បន្នភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក្រុង-ស្រុក និងឃុំ-សង្កាត់ ស្របតាមអនុក្រិត្យ១៨៨អនក្រ.បក ស្តីពីការៀបចំ និងការប្រព្រឹត្តទៅ របស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ក្រោមជាតិ។

ត្រូវចាត់តាំងមន្ត្រីទទួលខុសត្រូវតាមវិស័យ ជាសេនាធិការឲ្យ គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយក្រុង-ស្រុក និងត្រូវត្រៀមលក្ខណៈ សហការជាមួយ លេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្នុងការប្រមូលទិន្នន័យព័ត៌មាន អំពីផលប៉ះពាល់ នៃគ្រោះមហន្តរាយឲ្យបានទាន់ពេលវេលា។

ម្យ៉ាងទៀតត្រូវផ្តោត ការយកចិត្តទុកដាក់លើការងារ ត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយនៅក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួន។

ឆ្លៀតយកឱកាសនោះដែរ ដោយសារស្ថានភាព នៃជម្ងឺកូវីដ១៩ បានកំពុងរីករាលដាលនៅ ទូទាំងសកលលោក ពិសេសព្រះរាជាណាចក្រកម្ពុជា បានរកឃើញនូវករណីនាំចូលថ្មីៗ ក្នុងនាម ប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ១៩ លោកអភិបាលខេត្ត បានស្នើឲ្យអាជ្ញាធរក្រុង-ស្រុក ឃុំ សង្កាត់ ត្រូវបន្តការអប់រំផ្សព្វផ្សាយ អំពីវិធានការការពារនឹងទប់ស្កាត់ នៃជម្ងឺកូវីដ១៩ នៅតាមមូលដ្ឋាន ដោយមិនត្រូវបន្ធូរដៃឡើយ។ ជាមួយគ្នានេះ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងអំឡុងពេលឈប់សម្រាក រយៈពេលរយៈពេល៥ថ្ងៃខាងមុខនេះ ដោយត្រូវធ្វើការផ្សព្វផ្សាយអប់រំ ពិសេសត្រូវគ្រប់គ្រងប្រជាពលរដ្ឋ ដែលទើបនឹង វិលត្រឡប់មកពីបរទេស ក៏ដូចជាការគ្រប់គ្រង ការធ្វើចត្តាឡីស័ក ឲ្យបានច្បាស់លាស់ផងដែរ៕

To Top