ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ប្រកាសបិទវិទ្យុណា ដែលឆ្លងរលកសញ្ញា ជាមួយអាកាសចរណ៍ស៊ីវិល

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា បើសិនជាវិទ្យុណា មួយមានការឆ្លង រលកសញ្ញាជាមួយ អាកាសចរណ៍ស៊ីវិល អាចនឹងឈានដល់ការបិទ បើមិនកែតម្រូវតាមបច្ចេកទេស ដើម្បីបញ្ចៀសគ្រោះថ្នាក់ សម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស ។

ក្នុងពិធីចុះហត្ថលេខា ស្ដីពី «វិធានការទប់ស្កាត់ និងលុបបំបាត់ការឆ្លងរំខាន ចូលហ្វ្រេកង់ស៍ ប្រព័ន្ធឧបករណ៍វិទ្យុនាំផ្លូវអាកាស នៅក្នុងដែនអាកាសនៅកម្ពុជា» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ នាទីស្ដីការក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា ពីមុន មានយន្តហោះតិច ហើយវិទ្យុក៏តិច ប៉ុន្ដែឥឡូវនេះវិទ្យុ មានច្រើន ដែលអាចមានបញ្ហាឆ្លងចូល ទៅប្រព័ន្ធបញ្ជារបស់យន្តហោះ អាចបង្កឲ្យមានគ្រោះថ្នាក់កើតឡើង ។

លោកបន្ដថា ម៉្យាងទៀតដោយសារតែម៉ាស៊ីនផ្សាយ របស់ស្ថានីយមួយចំនួន ដើម្បីសន្សំសំចៃថវិកា គឺគាត់តំឡើងជួសជុល ដោយខ្លួនឯង ដូច្នេះវាធ្វើឲ្យប៉ះពាល់ដល់ការ បញ្ជារលកសញ្ញា របស់យន្តហោះ ដែលអាចបង្កគ្រោះថ្នាក់ធំ ដល់សុវត្ថិភាពនៃការហោះហើររបស់អ្នកដំណើរ និងប្រទេសទាំងមូល ។

លោកមានប្រសាសន៍ថា «ក្រសួងព័ត៌មាន បានចាត់វិធានការជាបន្តបន្ទាប់ ប្រសិនបើពិនិត្យឃើញថាវិទ្យុណាមានការឆ្លងរលកសញ្ញា ក្រសួង បានចេញប្រកាសឲ្យ ផ្អាកជាបណ្ដោះអាសន្ន ដើម្បីឲ្យកែតម្រូវបច្ចេកទេស។ បន្ទាប់ពីការកែតម្រូវ ហើយ ក្រសួងនឹងចុះទៅពិនិត្យ
ថាតើគាត់កែតម្រូវនេះ ត្រូវតាមស្តង់ដាបច្ចេកទេស ឬអត់បើសិនជាឃើញគាត់កែតម្រូវបាត់ឆ្លង រលកសញ្ញាហើយ គឺក្រសួងនឹងអនុញ្ញាត ឲ្យបើកដំណើរការផ្សាយ ឡើងវិញជាធម្មតា។ ប៉ុន្តែក្នុងករណីមិនកែតម្រូវទេ ក្រសួងនឹងប្រកាសឲ្យផ្អាកដំណើរការផ្សាយ ឬដកអាជ្ញាប័ណ្ណ» ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកថា នាពេលកន្លងមក ក្រសួងបានបិទវិទ្យុ ១០៧ របស់ប៉ុស្តិ៍លេខ៩ និងវិទ្យុ១០២.៣ នៅខេត្តសៀមរាប ដែលមានរលកសញ្ញារំខាន ៕ ដោយ៖ អេង ប៊ូឆេង

To Top