ព័ត៌មានជាតិ

ពីថ្ងៃ២៩កក្កដា ដល់១សីហា កម្ពុជាបន្តមានភ្លៀងធ្លាក់ តិចទៅច្រើន លាយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ ឲ្យដឹងថា ចាប់ពីថ្ងៃទី២៩ កក្កដា ដល់១ សីហាឆ្នាំ២០២០ កម្ពុជានឹងបន្តមានភ្លៀងធ្លាក់រាយប៉ាយតិចទៅច្រើន ហើយមានបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ជាដើម។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក ចេញផ្សាយនៅថ្ងៃ២៨ កក្កដា បានឲ្យដឹងថា តាមរយៈ នៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញមានខ្យល់មូលសូងនិរតីបក់ក្នុងកម្រិតបង្គួរលើកម្ពុជា ខណៈប្រព័ន្ធសម្ពាធទាបអូសបន្លាយលើ ប្រទេសថៃ ឡាវ និងវៀតណាម។

ក្រសួងបានបន្តថា ស្ថានភាពបែបនេះ ធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលរបស់កម្ពុជាភ្លៀងនឹងធ្លាក់ រាយប៉ាយជាមួយនឹងបរិមាណពីមធ្យមទៅច្រើន ក្នុង នោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។

ក្រសួងក៏បានលើកឡើងថា ចំពោះបណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពងរាបឦសាននឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ច្រើនផងដែរ។

ចំណែកឯបណ្ដាខេត្តនៅតំបន់មាត់សមុទ្រវិញ ក៏ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅ បង្គួរ។ ស្ថានភាពបែបនេះ ក្រសួងក៏បានអំពាវនាវប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិ ដូចជា ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

ជាមួយគ្នានោះដែរ ក្រសួងបានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី៣១ ខែកក្កដាដល់ថ្ងៃទី ៤សីហានៃទីទំនាបជាប់ជួរភ្នំ និងផ្លូវទឹកក៏ត្រូវប្រុងប្រយ័ត្នកម្ពស់ទឹកជំនន់។

ដោយឡែកនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ ច្រើន និងរលកសមុទ្របក់បោកខ្លាំង ចាប់ពីថ្ងៃ ១ដល់៣ សីហា៕ ដោយ ស សំណាង

To Top