ព័ត៌មានជាតិ

ព្រឹកនេះ រដ្ឋបាលខេត្តកោះកុង ដោះស្រាយ ប្រាក់គោលនយោបាយ ជូនប្រជាពលរដ្ឋ ចំនួន ៥៨ គ្រួសារ ដែលមានក្បាលដី ពាក់ព័ន្ធនឹងទីតាំងគម្រោង អគ្គិសនី ដុតធ្យូងថ្ម អានុភាព៧០០ មេហ្គាវ៉ាត់ ស្ថិតនៅឃុំថ្មស ស្រុកបទុមសាគរ

ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង បានប្រកាសឱ្យដឹងថា ខ្លួនរៀបចំកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ៥៨ គ្រួសារ ដែលមានក្បាលដីពាក់ព័ន្ធ នឹងទីតាំងគម្រោងអគ្គិសនី ដុត ធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ ស្ថិតនៅឃុំថ្មស ស្រុកបទុមសាគរ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នៅក្នុងវត្តថ្មស ។

យោងតាមសេចក្តីអញ្ជើញ របស់រដ្ឋបាលសាលាខេត្តកោះកុង ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ចុះហត្ថលេខា ដោយលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង ឱ្យដឹងថា “សូមអញ្ជើញ ប្រជាពលរដ្ឋ ចំនួន ៥៨ គ្រួសារ ចូលរួមប្រជុំផ្សព្វផ្សាយ និងដោះស្រាយសំណង គោលនយោបាយ ពាក់ព័ន្ធនឹងទីតាំង គម្រោងសាងសង់ រោងចក្រអគ្គិសនី ដុត ធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ នៅឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង ។ យោង ៖ សេចក្តីសម្រេច លេខ ០៣៧ សសរ / ប.ស្ថ ចុះ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០ ស្តីពីការបង្កើត អនុគណៈកម្មការបច្ចេកទេស ដើម្បីដោះស្រាយផលប៉ះពាល់ពាក់ព័ន្ធ នឹងទីតាំង សម្រាប់គម្រោងអភិវឌ្ឍរោងចក្រ អគ្គិសនី ដុតធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ របស់ក្រុមហ៊ុន រ៉ូ យ៉ាល់គ្រុប ក្នុងតំបន់ឧទ្យានជាតិបទុមសាគរ ខេត្តកោះកុង របស់ក្រសួងបរិស្ថាន ។

តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូនបងប្អូន ប្រជាពលរដ្ឋ ចំនួន ៥៨ គ្រួសារ ជ្រាបថា ៖ គណៈកម្មការបច្ចេកទេស ដើម្បីដោះស្រាយ ផលប៉ះពាល់ពាក់ព័ន្ធ នឹងទីតាំងសម្រាប់គម្រោងអភិវឌ្ឍ រោងចក្រអគ្គិសនី ដុត ធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ និងដោះស្រាយ សំណងគោលនយោបាយ ជូនប្រជាពលរដ្ឋ ទាំង ៥៨ គ្រួសារ ដែលមានក្បាលដី ពាក់ព័ន្ធនឹងទីតាំង គម្រោងសាងសង់ រោងចក្រអគ្គិសនី ដុត ធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ ស្ថិតនៅ ឃុំថ្មស ស្រុកបទុ ម សាគរ ខេត្តកោះកុង ។

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២០ វេលា ម៉ោង ៩:០០ នាទី ព្រឹក នៅក្នុង បរិវេណ វត្តថ្មស ។

រដ្ឋបាលសាលាខេត្ត ក៏បានបញ្ជាក់ផងដែរថា ក្នុងដំណើរការដោះស្រាយនេះ ប្រសិនបើបងប្អូន ប្រជាពលរដ្ឋមិនចូលរួម ក្នុងការដោះស្រាយនេះទេ គណៈកម្មការបច្ចេកទេស ដើម្បីដោះស្រាយផល ប៉ះពាល់ពាក់ព័ន្ធ នឹងទីតាំងសម្រាប់គម្រោងអភិវឌ្ឍ រោងចក្រអគ្គិសនី ដុត ធ្យូងថ្ម អានុភាព ៧០០ មេហ្គា វ៉ាត់ មិនទទួលខុសត្រូវ ក្នុងការបាត់បង់ផលប្រយោជន៍ របស់បងប្អូនឡើយ ។ អាស្រ័យហេតុនេះ សូម បងប្អូនប្រជាពលរដ្ឋ ទាំង ៥៨ គ្រួសារ ចូលរួមកុំបីខាន ។

កិច្ចប្រជុំនេះ ក៏នឹងមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូ យ៉ាល់គ្រុប ផងដែរ៕

To Top