ព័ត៌មានជាតិ

ក្រសួងអប់រំ អនុញ្ញាតឲ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីសាធារណៈ តែត្រូវគោរពតាមវិធានសុវត្ថិភាព

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតឱ្យដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លាសាធារណៈ នៅតាមរាជធានី-ខេត្ត និងក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក តែតម្រូវឲ្យគោរពតាមវិធាន សុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកឲ្យបាន ត្រឹមត្រូវដើម្បីបង្ការទប់ស្កាត់កូវីដ១៩។

តាមរយៈសេចក្តីជូនដំណឹង នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា «ដោយសារបច្ចុប្បន្ននេះ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានសភាពល្អប្រសើរ និងអាចគ្រប់គ្រងបាន និងដើម្បីលើកកម្ពស់ការថែទាំសុខភាព ផ្លូវកាយ និងផ្លូវចិត្តរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការហាត់ប្រាណ និងការលេងកីឡា ក្រសួងអប់រំ យុវជន និង កីឡាទទួលបានការ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីដំណើរការឡើងវិញ នូវសកម្មភាពហាត់ប្រាណ និងលេងកីឡាតាមទីធ្លា សាធារណៈនៅតាមរាជធានី ខេត្ត និងក្នុងបវិវេណពហុកីឡដ្ឋានជាតិអូឡាំពិក លើកលែងតែសកម្មភាព ហាត់ប្រាណតាមក្លឹបកីឡា ដែលប្រើប្រាស់សម្ភារៈរួមគ្នា»។

ក្រសួងក៏បានស្នើឱ្យទីកន្លែងហាត់ប្រាណ និងលេងកីឡាទាំងអស់ត្រូវបន្ត គោរពតាមវិធានសុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោកយ៉ាង ត្រឹមត្រូវ និងម៉ឺងមាត់ដូចខាងក្រោម៖

១៖ រក្សាអនាម័យជាប្រចាំ ដោយលាងសម្អាតដៃនឹងសាប៊ូ ទឹកអាល់កុល ដែលសម្លាប់មេរោគ ពាក់ម៉ាស់ និងវ៉ាស់កម្ដៅ
២៖ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដោយរក្សាចម្ងាយពីម្នាក់ទៅម្នាក់យ៉ាងតិច ១.៥ ម៉ែត្រ
៣៖ ទីកន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា ត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងធ្វើអនាម័យជាប្រចាំ
៤៖ ត្រូវធានាថា កន្លែងហាត់ប្រាណ និងកន្លែងលេងកីឡា មិនមែនជាកន្លែងឆ្លងជំងឺកូវីដ១៩៕

ដោយ៖ ធី លីថូ

To Top