ភ្នំពេញ ៖ ដោយមើលឃើញ អំពីតម្រូវការទឹកស្អាត ជាចាំបាច់បំផុត សម្រាប់មន្ទីរពេទ្យ ជាពិសេសសម្រាប់ពលរដ្ឋ និងអ្នកជំងឺដែលមកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ- WATERGEN ៥គ្រឿង ដល់មន្ទីរពេទ្យមួយចំនួន ក្នុងរាជធានីភ្នំពេញ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ម៉ាស៊ីនចម្រុះទឹកស្អាត ដែលប្រើបច្ចេកវិទ្យាខ្ពស់ ចំនួន ៥គ្រឿង បានផ្ដល់ជូន ដល់មន្ទីរពេទ្យចំនួន ៥ រួមមាន ៖ទី១-មន្ទីរពេទ្យគន្ធបុប្ផា ចំនួន១ គ្រឿង ទី២-មន្ទីរពេទ្យកាល់ម៉ែត ចំនួន ១ គ្រឿង ទី៣-មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន១ គ្រឿង ៤-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន ០១ គ្រឿង និង៥-កាកបាទក្រហមកម្ពុជា ចំនួន ០១ គ្រឿង (រួមជាមួយរថយន្តចល័ត និងម៉ាស៊ីងភ្លើងមួយឈុត ក្នុងការធ្វើសកម្មភាពមនុស្សធម៌ នៅតាមមជ្ឈដ្ឋានទីសាធារណៈ ក្នុងប្រទេសកម្ពុជា ដែលអាចនឹងជួបគ្រោះរាំងស្ងួត ឬមានតម្រូវការប្រើប្រាស់ ទឹកស្អាតជាចាំបាច់)។
សូមជម្រាបថា នៅព្រឹកថ្ងៃទី ២៨ កក្កដា លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសាធារណការ ជាតំណាង សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអញ្ជើញ ប្រគល់ម៉ាស៊ីនចម្រោះទឹកខាងលើ ជូនទៅតំណាងមន្ទីរពេទ្យ ដើម្បីយកទៅប្រើប្រាស់ ជាប្រយោជន៍សាធារណៈ។
សូមបញ្ជាក់ថា ម៉ាស៊ីនផលិតទឹកបរិសុទ្ធ ដោយបរិយាកាសធម្មជាតិ- WATERGEN (ប្រភេទ GEN-M) គឺជាបច្ចេកវិទ្យា របស់ប្រទេសអ៊ីស្រាអែល មានសមត្ថភាពផលិតទឹកបរិសុទ្ធ ដោយស្វ័យប្រវត្តិ ពីខ្យល់ក្នុងបរិយាកាស (បានប្រមាណ ៨០០ លីត្រ ក្នុងមួយថ្ងៃ) ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ដែលអាចចូលរួម កាត់បន្ថយផលប៉ះពាល់ បរិស្ថានផ្សេងៗ ថែមទៀតផង៕ ដោយ៖ អេង ប៊ូឆេង