ភ្នំពេញ៖ លោក ហេង សុផាន់ណារិទ្ធ ក្នុងឱកាសអញ្ជើញជាអធិបតី បើកសិក្ខាសាលាស្តីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ សម្រាប់កម្មករនិយោជិតកម្ពុជា” នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា កន្លងមក ប.ស.ស. បានធ្វើការសហការ ជាមួយក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធជាច្រើនក្នុងការរៀបចំ កម្មវិធីផ្សព្វផ្សាយអប់រំ ដល់កម្មករនិយោជិត អ្នកបើកបរយានយន្ដ ដឹកកម្មករនិយោជិត អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សុវត្ថិភាពក្នុងការធ្វើដំណើរ សុវត្ថិភាពក្នុងការដឹកជញ្ជូន កម្មករនិយោជិត ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ដ និងជំរុញឱ្យប្រើប្រាស់ រថយន្ដដឹកអ្នកដំណើរ ដើម្បីដឹកជញ្ជូនកម្មករ និយោជិត ព្រមទាំងមានការសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះបណ្ដុះបណ្ដាល និងប្រឡងយកបណ្ណបើកបរ សម្របសម្រួល ក្នុងការចុះត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានយន្ត (ឆៀក) និងសហការជាមួយ អគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីលើកកម្ពស់សុវត្ថិភាព ចរាចរណ៍លើមធ្យោបាយ ធ្វើដំណើររបស់កម្មករ និយោជិតតាមគ្រប់រូបភាព។
លោក ហេង សុផាន់ណារិទ្ធ បានមានប្រសាសន៍ថា៖ បច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ជាឃាតករលាក់មុខ ដែលធ្វើឱ្យមនុស្សស្លាប់ របួស និងពិការ បានកើតឡើង ជារៀងរាល់ថ្ងៃគួរឱ្យព្រួយបារម្ភ ក្នុងចំណោមនោះ ក៏មានកម្មករនិយោជិត ដែលជាជនរងគ្រោះផងដែរ គ្រោះថ្នាក់ចរាចរណ៍ បានបន្សល់ទុកនូវសោកនាដកម្មដ៏រន្ធត់ ដែលជាផលប៉ះពាល់ ដល់សុខុមាលភាព សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិ ទាំងមូល ចំពោះបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនេះ មិនអាចឱ្យក្រសួង ស្ថាប័ន ឬផ្នែកណាមួយ ធ្វើការទប់ស្កាត់ កាត់បន្ថយ ឬលុបបំបាត់តែឯងបានឡើយវា ជាបញ្ហារួមរបស់យើង ទាំងអស់គ្នា ។
យោងតាមរបាយ ការរបស់ក្រុមការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារ កម្មករនិយោជិត (ស.ផ.ក) បានឱ្យដឹងថា៖ គិតក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ ករណីគ្រោះថ្នាក់ចរាចរណ៍ មកលើរថយន្តដឹកកម្មករ និយោជិត បានកើតឡើងចំនួន៨ករណី និងបង្កឲ្យមាន ជនរងគ្រោះចំនួន ២២៣ នាក់ (ស្លាប់ចំនួន ២ នាក់ របួសធ្ងន់ចំនួន ៣២ នាក់ របួសស្រាលចំនួន ១៨៩ នាក់) គ្រោះថ្នាក់កើតឡើងដោយ រ៉ឺម៉កចំនួន ២ ករណី ជនរងគ្រោះ ២ នាក់ គ្រោះថ្នាក់កើតឡើង ដោយកង់ចំនួន ៣ ករណី ជនរងគ្រោះចំនួន ៣ នាក់និង គ្រោះថ្នាក់ដោយថ្មើរជើង មានចំនួន ១៨ ករណី ជនរងគ្រោះចំនួន ១៨ នាក់ ។
លោក បានថ្លែងបញ្ជាក់ទៀតថា៖ ក្នុងនាមតំណាងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាបេឡាជាតិសន្តិសុខសង្គម សូមកោតសរសើរ និងវាយតម្លៃខ្ពស់ ក្នុងកិច្ចសហការរបស់អង្គការ មូលនិធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជា (AIP) ដែលបានរួមចំណែក ធ្វើឱ្យប្រសើរឡើង នូវសុវត្ថិភាព ក្នុងការធ្វើដំណើរ របស់កម្មករនិយោជិត និងចូលរួមកាត់បន្ថយ អត្រាគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ឱ្យស្ថិតនៅកម្រិតទាប ដោយអនុលោមទៅតាម អនុសាសន៍របស់សម្តេចតេជោហ៊ុនសែន “ ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍” ។ ហើយយើងខ្ញុំជឿជាក់ថា វគ្គសិក្ខាសាលានាថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ក្នុងការពង្រឹង ការទំនាក់ទំនង ជំរុញកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនសកម្មភាព រួមគ្នាទៅមុខជារៀងរហូត ។
ជាមួយគ្នានេះដែរ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី ប្រចាំកម្ពុជា (AIP) បានបញ្ជាក់ថា ៖ អង្គការមូលនិធិបង្ការ របួសអាស៊ី (AIP) បានធ្វើការសហការ ជាមួយបេឡាជាតិ របបសន្តិសុខសង្គម តាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ក្នុងការចូលរួមបង្កើន និងលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកសម្រាប់បងប្អូន កម្មករនិយោជិត។
លោក ក៏បានថ្លែងការកោតសរសើរ យ៉ាងខ្លាំងចំពោះកិច្ចសហការរបស់ ប.ស.ស. កន្លងមក ក្នុងកិច្ចខិតខំសង្គ្រោះជីវិត មនុស្សពីគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគឺបងប្អូនកម្មករនិយោជិត បានយល់ដឹង កាន់តែច្បាស់ស្តីពី សុវត្ថិភាពក្នុងការធ្វើដំណើរ ដើម្បីរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ឱ្យមកនូវកម្រិតទាបបំផុត។
សូមបញ្ជាក់ថា វគ្គសិក្ខាសាលាខាងលើ ប្រព្រឹត្តទៅ នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ដែលមានការរៀបចំឡើងដោយ អង្គការមូលនិធិបង្ការ របួសអាស៊ីកម្ពុជា (AIP) ដែលមានវត្តមាន ចូលរួមពីថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន និងអង្គភាពដៃគូពាក់ព័ន្ធនានា សរុបប្រមាណជាង ៥០នាក់ ៕