បច្ចុប្បន្នភាព
ប្រភពពី Spacewar.com បានចុះផ្សាយថា ប្រទេសមហាអំណាច នៅលើពិភពលោក មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន និងបារាំង កំពុងត្រៀមខ្លួនធ្វើសង្គ្រាម ជាមួយគ្នាក្នុងទីអវកាស នៅពេលខាងមុខ ដោយប្រទេសមហាអំណាចទាំងនេះ បានត្រៀមសព្វាវុធ ប្រព័ន្ធបច្ចេកវិទ្យាទំនើប ផ្កាយរណប និងគ្រឿងយុទ្ធោបករណ៍ ទំនើបផ្សេងទៀត ។
នេះជាការរៀបចំខ្លួន ធ្វើសង្គ្រាមអវកាសបែបថ្មី របស់ប្រទេសមហាអំណាច ក្រោយពីប្រទេសទាំងនេះ បានធ្វើសង្គ្រាមកាប់សម្លាប់គ្នា ឆ្អែតឆ្អន់នៅលើភពផែនដី រាប់រយឆ្នាំកន្លងមក ដែលបានសម្លាប់មនុស្ស នៅលើភពផែនដី អស់រាប់សិបលាននាក់រួចមកហើយ ។
នៅពេលបច្ចុប្បន្ននេះ ប្រទេសមហាអំណាច នៅលើពិភពលោក កំពុងអង្អុលមុខគ្នា ពីការលួច វាយប្រហារ លើប្រព័ន្ធបច្ចេកវិទ្យាលើលំហអាកាស ដោយការផលិតអាវុធ សម្រាប់បំផ្លាញយានអវកាស និងផលិតអាវុធ សម្រាប់រំខានរលកសញ្ញា ផ្កាយរណប ។
អគ្គបញ្ជាការកងទ័ពអវកាស របស់សហរដ្ឋអាមេរិក បានអះអាងថា ខ្លួនមានភស្តុតាងយ៉ាងច្បាស់ ដែលបញ្ជាក់ថា ប្រទេសរុស្ស៊ីបានធ្វើការសាកល្បង កាលពីថ្ងៃទី១៥ ខែកក្កដានេះ នូវអាវុធមួយប្រភេទ ដែលអាចបាញ់កម្ទេចប្រព័ន្ធផ្កាយរណប នៅលើលំហអាកាស ។
បច្ចេកវិទ្យាដែលរុស្ស៊ី បានប្រើក្នុងការសាកល្បងនេះ គឺជាបច្ចេកវិទ្យាតែមួយ ដែលអគ្គបញ្ជាការកងអវកាសអាមេរិក ធ្លាប់បានលើកឡើង និងព្រួយបារម្ភរួចមកហើយតាំងតែពីដើមឆ្នាំនេះ ហើយនៅទីបំផុត ប្រទេសរុស្ស៊ី ក៏បានបាញ់បង្ហោះទៅកាន់ទីអវកាស ។
ចំណែកបារាំង ដែលជាប្រទេសមហាអំណាចមួយដែរ បានអះអាងថា បារាំងគ្មានចេតនា ទៅប្រកួតប្រជែង ដោយកសាងអាវុធទំនើប ដើម្បីគំរាមគេនៅលើអវកាសឡើយ ដោយប្រទេសនេះ ចង់ធ្វើយ៉ាងណារក្សា ការពារសុវត្ថិភាព ប្រព័ន្ធបច្ចេកវិទ្យានៅលើលំហអាកាស ។
សម្រាប់បារាំង លំហអាកាស គឺកម្មសិទ្ធិរួមរបស់មនុស្សទាំងអស់គ្នា ប៉ុន្តែអ្វីដែលប្រទេសនេះ សង្កេតឃើញកន្លងមក និងព្រួយបារម្ភទៅថ្ងៃអនាគត គឺសកម្មភាពមួយចំនួន របស់ប្រទេសខ្លះ ដែលមានលក្ខណៈ អមិត្ត បំផ្លាញគេឯង នៅលើលំហអាកាស មិនថាផ្កាយរណបទាហាន ឬស៊ីវីលនោះទេ ។
ក្រសួងការបរទេសបារាំង បានបង្ហើបថា កាលពីឆ្នាំ២០១៧ មានផ្កាយរណបស៊ើបការណ៍មួយគ្រឿង របស់ប្រទេសរុស្ស៊ី ឈ្មោះ Louch-Olympe ត្រូវបានហោះចូលកៀក នឹងផ្កាយរណប ទាហានបារាំងនិងអ៊ីតាលី ឈ្មោះ Athena Fidus ។
បទពិសោធន៍នេះ ត្រូវបានអ្នកជំនាញសន្និដ្ឋានថា ផ្កាយរណបមួយអាចចូលកៀក ផ្កាយរណបមួយទៀត ហើយប្រើរលកសញ្ញារំខាន ឬបំផ្លាញប្រព័ន្ធផ្កាយរណបនោះ ទាំងមូលក៏ថាបានដែរ ដែលអាចធ្វើអោយប៉ះពាល់ ដល់ការងាររបស់ផ្កាយរណប ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយប្រទេស មហាអំណាចប៉ះទង្គិចគ្នាក្នុងទីអវកាស គឺដោយសារនៅក្នុងទីអវកាស គឺពោរពេញដោយផ្កាយរណប ហើយផ្កាយរណបទាំងនោះ គឺជាឧបករណ៍ជួយគាំទ្រ ដល់គ្រឿងយុទ្ធោបករណ៍ មួយចំនួននៅលើភពផែនដី ។
ផ្កាយរណប គឺជាឧបករណ៍គាំទ្រ គ្រឿងយុទ្ធោបករណ៍ជាច្រើននៅលើផែនដី ដូចជាគាំទ្រដល់នាវាមុជទឹក ការនាំផ្លូវនាវាចម្បាំង នាវាដឹកយន្តហោះចម្បាំង និងការបាញ់មីស៊ីលចំគោលដៅផងដែរ ដែលជាឧបករណ៍សំខាន់បំផុត ។
សហរដ្ឋអាមេរិក មានគម្រោងនឹងសាងសង់មូលដ្ឋាន កងទ័ពអវកាស ក្នុងទីសុញ្ញាកាស នៅពេលខាងមុខ ដើម្បីគាំទ្រដល់កងទ័ព របស់ប្រទេសមហាអំណាចមួយនេះ នៅលើភពផែនដីដែលអាចប្រឈម នឹងបញ្ហានៅពេលខាងមុខ ។
គោលបំណង របស់សហរដ្ឋអាមេរិក ក្នុងគម្រោងសាងសង់មូលដ្ឋាន កងទ័ពអវកាសនេះ គឺដើម្បីជួយដល់កងទ័ពអាមេរិក នៅលើផែនដី ពីព្រោះបើសត្រូវវាយប្រហារ អាមេរិកនៅលើផែនដី ដែលមិនអាចទប់ទល់បាន កងទ័ពអវកាសនឹងវាយប្រហារវិញ ។
សន្និដ្ឋាន៖ ហេតុអ្វីមហាអំណាច មិនអាចជួយខ្លួនឯង បាននៅលើផែនដី ?
ក្រុមអ្នកជំនាញខាងនុយក្លេអ៊ែរ បានលើកឡើងថា ប្រទេសមហាអំណាចនុយក្លេអ៊ែរ នៅលើភពផែនដី មានសមត្ថភាពអាចបំផ្លាញ ប្រទេសមួយទៀត អោយក្លាយទៅជាផេះ ក្នុងរយៈពេលដ៏ខ្លីបំផុត ដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ។
នៅលើពិភពលោកបច្ចុប្បន្ននេះ ប្រទេស៩ ដែលមានអាវុធមហាប្រល័យ គឺមានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង អង់គ្លេស ឥណ្ឌា ប៉ាគិស្ថាន អ៊ីស្រាអែល និងប្រទេសកូរ៉េខាងត្បូង ដែលសុទ្ធជាប្រទេស មានអាវុធនុយក្លេអ៊ែរ ដែលអាចបំផ្លាញពិភពលោកបាន ។
មូលហេតុនេះហើយ បានជាសហរដ្ឋអាមេរិក ចង់សាងសង់មូលដ្ឋាន កងទ័ពអវកាស គឺដើម្បីប្រាប់ប្រទេសមហាអំណាច នុយក្លេអ៊ែរផ្សេងទៀតអោយដឹងថា បើហ៊ានវាយប្រហារ អាមេរិកនៅលើផែនដី កងទ័ពអវកាសអាមេរិក នៅទីអវកាសនឹងវាយបកវិញភ្លាម ។
ផលប៉ះពាល់
ការធ្វើទំនើបកម្មផ្នែក បច្ចេកវិទ្យាយោធារបស់ប្រទេស មហាអំណាចនៅពេលបច្ចុប្បន្ននេះ នឹងធ្វើអោយប៉ះពាល់ដល់ ពិភពលោកធ្ងន់ធ្ងរណាស់ នៅពេលខាងមុខ ដូចជាអាវុធនុយក្លេអ៊ែរជាដើម ដែលអាចបំផ្លាញមនុស្សទាំងអស់ នៅលើផែនដីបាន ។
ក្តីបារម្ភនៅត្រង់ថា មេដឹកនាំរបស់ប្រទេសមហាអំណាច អាចអត់ធ្មត់មិនប្រើប្រាស់ អាវុធនុយក្លេអ៊ែរបាន ប៉ុន្តែប្រសិនបើនៅពេលខាងមុខ មានគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ បំណាក់ដី ឬរលកយក្សស៊ូណាមិជាដើម វាយប្រហារចំទីតាំងនុយក្លេអ៊ែរ គឺមនុស្សនៅលើលោកនេះ មិនអាចទប់ស្កាត់បានទេ ហើយគ្រោះមហន្តរាយនឹងកើតឡើងភ្លាម ៕
ដោយ ៖ អ៊ី ជិន