ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ដាំផ្ញើដល់ព្រះរាជអាជ្ញា ទើបប្រកាសចូលកាន់តំណែង ត្រូវលើកកម្ពស់គុណភាព នៃការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌

កំពង់ចាម៖ ក្នុងពិធីប្រកាសតែងតាំង លោកវង្ស ប៊ុនវិសុទ្ធ ចូលកាន់តំណែងជាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ដាំផ្ញើរ ឲ្យលោកវង្ស ប៊ុនវិសុទ្ធ ដឹកនាំនយោបាយព្រហ្មទណ្ឌ ពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ គុណភាពនៃការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ ជូនប្រជាពលរដ្ឋ ។

លោក វង្ស ប៊ុនវិសុទ្ធ ត្រូវបានប្រកាសតែងតាំងចូល កាន់តំណែងជាព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម ដោយផ្ទេរលោកជ្រឹង ខ្មៅ ទៅកាន់ជាព្រះរាជអាជ្ញា អមសាលាដំបូងក្រុងភ្នំពេញ នារសៀលថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០២០ នៅសាលាដំបូងខេត្តកំពង់ចាម ក្រោមអធិបតីភាពលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយប្រតិភូជាច្រើនទៀត ។

បន្ទាប់ពីលោក វង្ស ប៊ុនវិសុទ្ធ បានឡើងប្ដេជ្ញាចិត្ត អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ថ្វីត្បិត តែលោកជ្រឹង ខ្មៅ បានបំពេញភារកិច្ចជា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ក្នុងរយៈពេលខ្លី ប៉ុន្តែលោក បានសហការគ្នាជាមួយសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ បំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ក្នុងការរក្សាបានសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ។

លោកអភិបាលខេត្ត បានថ្លែងបន្តថា ដោយឡែកចំពោះលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាទើបតែបានតែងតាំងថ្មី ត្រូវត្រៀមសហការ ចងជាបាច់ចំណងសាមគ្គី ជាមួយរដ្ឋបាលខេត្ត និងអនុវត្តការងារឲ្យបានល្អ ដោះស្រាយរាល់បញ្ហានានា ក្នុងគោលដៅបម្រើសេវា យុត្តិធម៌ និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ប្រកបដោយទំនុកចិត្ត ជូនប្រជាពលរដ្ឋ ។

ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានមានប្រសាសន៍ថា ការផ្លាស់ប្ដូរ ផ្ទេរភារកិច្ចចៅក្រម ព្រះរាជអាជ្ញា គឺជារឿងធម្មតានៅក្នុងអាជីព របស់ចៅក្រម និងព្រះរាជអាជ្ញា ស្របតាមការដឹកនាំរបស់រដ្ឋថាភិបាល ដើម្បីធានាភារកិច្ចដំណើរ ការងារឲ្យកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ សំដៅលើកកម្ពស់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ ពិសេសដើម្បីធានាឲ្យមានការកាត់ក្តី ដោយឥតលំអៀង ដោយត្រឹមត្រូវ និងយុត្តិធម៌ ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានផ្ដាំផ្ញើដល់លោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ចាម ដែលទើបនឹងចូលកាន់តំណែង
សូមទទួលបានជោគជ័យ ថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំនយោបាយព្រហ្មទណ្ឌ ពង្រឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ចូលរួមជាមួយសាលាដំបូងខេត្តកំពង់ចាម ដើម្បីលើកកម្ពស់ គុណភាពនៃការជំនុំជម្រះក្តី ប្រកបដោយយុត្តិធម៌ ក៏ដូចជាចូលរួមធានាសន្តិសុខសង្គម សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ដោយសហការឲ្យបានល្អ ជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ស្ថាប័នមន្ត្រីនគរបាលយុត្តិធម៌ ក៏ដូចជាស្ថាប័នអនុវត្តច្បាប់ ដទៃទៀតផងដែរ ៕

To Top