ព័ត៌មានជាតិ

ផ្លូវជាតិលេខ៣-ផ្លូវក្នុងក្រុងព្រះសីហនុ នឹងយកធ្វើជាគំរូ សម្រាប់បំពាក់កាមេរ៉ា ចាប់រថយន្ដបើកលើស ល្បឿនកំណត់

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៣ និងផ្លូវក្នុងក្រុងព្រះសីហនុ នឹងយកធ្វើជាគំរូ សម្រាប់ការបំពាក់កាមេរ៉ាសុវត្ថិភាព ដើម្បីចាប់យានយន្ត ដែលបើកបរលើសល្បឿនកំណត់ ទៅនឹងស្លាកសញ្ញា។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កម្មពិធី ប្រគល់ និងទទួលរនាំង សម្រាប់គោលដៅត្រួតពិនិត្យ ចរាចរណ៍ ចំនួន៣០០រនាំង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានរៀបរាប់ថា ផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅ ទៅដល់ខេត្តកំពត មានកន្លែងដាក់កាមេរ៉ាសុវត្ថិភាព ដើម្បីចាប់យានយន្ត បើកបរលើសល្បឿនកំណត់ ចំនួន១០កន្លែង ខណៈផ្លូវមួយចំនួន ក្នុងក្រុងព្រះសីហនុ នឹងត្រូវយកជាគំរូ សម្រាប់មន្ត្រីនគរបាលចរាចរណ៍ អនុវត្តការងារចាប់ល្បឿនយានយន្ត តាមកាមេរ៉ាសុវត្ថិភាព។

លោក មានប្រសាសន៍ថា «ក្រៅពីកាមេរ៉ាសុវត្ថិភាពអចល័តទាំងនេះ ក៏នៅមានកាមេរ៉ា ចាប់ល្បឿនចល័ត របស់មន្ត្រីនគរបាលចរាចរណ៍ នៅតាមបណ្តាផ្លូវជាតិ និងផ្លូវខេត្តទាំងនោះដែរ។ ក្នុងករណីថតបានយានយន្ត បើកបរលើសល្បឿនកំណត់នោះ លិខិតផាកពិន័យ នឹងត្រូវបញ្ជូនដល់ផ្ទះតែម្តង ដោយមិនឲ្យអ្នកបើកបរណាមួយ រួចខ្លួនបាននោះឡើយ»។

ឆ្លៀតឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានបញ្ជាក់ថា នៅពេលកាមេរ៉ាសុវត្ថិភាពទាំងនោះ ត្រូវបានបំពាក់រួចរាល់ មន្ត្រីនគរបាលចរាចរណ៍ នឹងអនុវត្តសាកល្បង ទៅលើការចាប់ល្បឿនយានយន្ត ដែលបើកបរលើសកំណត់ហើយ។

នាយឧត្តមសេនីយ៍ មានប្រសាសន៍ថា «កន្លែងណាក៏ដោយ ឲ្យតែមានសមត្ថភាព បំពាក់កាមេរ៉ាសុវត្ថិភាព បាន យើងនឹងអនុវត្តសាកល្បង»។

យោងតាមអនុក្រឹត្យលេខ៣៩ ស្តីពី ការពិន័យអន្តរកាល ចំពោះអំពើល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក បានកំណត់ថា អ្នកបើកបរដែលលើសល្បឿន បានកំណត់ចាប់ពី ១ទៅ ១៩គីឡូម៉ែត្រ ក្នុង១ម៉ោង ត្រូវផាកពិន័យ១២ម៉ឺនរៀល និងត្រូវផាកពិន័យ១២ម៉ឺនរៀល ចំពោះអ្នកបើកបរ ដែលលើសល្បឿនកំណត់ ចាប់ពី២០ ទៅ២៩គីឡូម៉ែត្រ ក្នុង១ម៉ោង ខណៈអ្នកបើកបរដែល លើសល្បឿនចាប់ពី៣០ ទៅ៣៩គីឡូម៉ែត្រ ក្នុង១ម៉ោង ត្រូវផាកពិន័យ១៨ម៉ឺនរៀល និងចំនួន៣០ម៉ឺនរៀល ចំពោះអ្នកបើកបរលើសល្បឿន ចាប់ពី៤០ គីឡូម៉ែត្រ ក្នុង១ម៉ោងឡើងទៅ៕

To Top