ព័ត៌មានជាតិ

អជ្ញាធរក្រុងស្វាយរៀង ប្រើធម៌ក្តៅចំពោះអាជីវករ សង់សំយាបផ្ទះ រំលោភលើផ្លូវសាធារណៈ

ស្វាយរៀង ៖ ក្រោយពីមានការជូនដំណឹង ក៏ដូចជាអំពាវនាវដល់អាជីវករលក់ដូរ នៅផ្សាវាលយន្តក្រុងស្វាយរៀង ឲ្យចូលរួមអនុវត្ត តាមសេចក្ដីណែនាំ របស់រដ្ឋបាលសាលាក្រុង ដើម្បីឱ្យមានរបៀបរៀបរយ និងសោភ័ណ្ឌភាពផ្សារ និងក្រុងស្វាយរៀងទាំងអស់គ្នានោះ លោកសរ សុដានីអភិបាលរងក្រុងស្វាយរៀង នៅព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ បានដឹកនាំក្រុមការងារ និងកងកម្លាំងអធិការនគរបាលក្រុង និងអាវុធហត្ថក្រុង ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ចុះរៀបចំសណ្ដាប់ធ្នាប់ ការតាំងទំនិញលក់នៅជុំវិញចំណតរថយន្ត និងជុំវិញផ្សារវាលយន្ត ដើម្បីថែរក្សាចំណីផ្លូវ បញ្ជៀសការកកស្ទះចរាចរណ៍ តាមដងផ្លូវ ជាពិសេសលើកកម្ពស់សោភ័ណភាព ក្នុងក្រុងស្វាយរៀង ។

លោកសរ សុដានី បានឲ្យដឹងថា ដើម្បីសោភណ័ភាពក្រុងស្វាយរៀង ឲ្យមានរបៀបរៀបរយល្អនោះ អាជ្ញាធរក្រុងតែងតែ ចុះរៀបចំសណ្តាប់ធ្នាប់ជាញឹកញាប់ ជាពិសេសផ្លូវជុំវិញផ្សារវាលយន្ត ដែលអាជីវករមួយចំនួន បានរំលោភយកចិញ្ចើមផ្លូវ ធ្វើជាកន្លែងលក់ ដែលបង្កឲ្យកកស្ទះចរាចរណ៍។

លោកបានបន្ថែមថាថ្ងៃនេះ លោកដឹកនាំផ្ទាល់ក្នុងអនុវត្តច្បាប់ ដោយតម្រូវឲ្យអាជីវករ ដែលសង់សំយាបលយចូលចំណីផ្លូវ គឺក្រុមការងារបានកាត់ចេញ និងប្រាប់លែងឲ្យសង់ រំលោភយកផ្លូវតទៅទៀត ចំណែកអាជីវករលក់លើចិញ្ចើមផ្លូវ គឺបានឲ្យពួកគាត់ បង្ខិតឲ្យផុតពីផ្លូវ ពោលលក់ចូលក្នុងផ្សាយវិញ មិនឲ្យមានការលក់ លើចិញ្ចើមផ្លូវទៀតទេ។

លោកបានបញ្ជាក់ថា អាជ្ញាធរខំប្រឹងរៀបចំ សណ្តាប់ធ្នាប់នេះ គឺដើម្បីប្រជាពលរដ្ឋទូទៅ មិនមែនដើម្បីបុគ្គលណាម្នាក់ទេ ដើម្បីសោភ័ណភាព ដើម្បីភាពងាយស្រួល ពលរដ្ឋទូទៅធ្វើដំណើរ ងាយស្រួលទិញទំនិញ ដែលតាំងលក់នៅក្នុងផ្សារ ចុះហេតុអី្វប៉ុណ្ណឹងអាជីវករធ្វើមិនបាន ? ក្នុងនាមរដ្ឋបាលក្រុង គឺចង់ឃើញបងប្អូនភ្ញាក់រលឹក ដោយខ្លួនឯង ធ្វើដោយសុចចិត្ត ទើបជាគំរូល្អបំផុត។

លោកសរ សុដានី បានថ្លែងឲ្យដឹងថា ក្នុងករណីដែលបងប្អូនប្រជាពលរដ្ឋ និងអាជីវករ មិនចូលរួមអនុវត្តវិធានការ របស់រដ្ឋបាលក្រុងទេ សមត្ថកិច្ចព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នឹងបន្តចុះរុះរើ យកសម្ភារៈ និងទំនិញផ្សេងៗចេញពីទីតាំង ដែលបានកំណត់ និងមិនទទួលខុសត្រូវ រាល់ការខូចខាត និងការបាត់បង់អ្វីឡើយ ព្រមទាំងចាត់វិធានតាមផ្លូវច្បាប់ ចំពោះអាជីវករណា នៅតែសង់រំលោភយកផ្លូវ ធ្វើជាកន្លែងលក់ដូរ ដែលនាំឲ្យបាត់បង់ សោភណ័ភាពទីក្រុង៕

To Top